ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ! សូមខ្ជះខ្ជាយឱ្យតិច_ចែករំលែកឱ្យច្រើន

កាលពីសម័យខ្មែរក្រហម មានមនុស្សជាច្រើនបានស្លាប់ដោយសារតែម្ហូបអាហារ ពោលអ្នកខ្លះស្លាប់​ដោយសារ​សេចក្ដីស្រេកឃ្លាន អ្នកខ្លះស្លាប់ដោយសារលួចម្ហូបអាហារហើយត្រូវគេយកទៅសម្លាប់ ចំណែកអ្នកខ្លះទៀត​ស្លាប់​ដោយសារញ៉ាំអាហារច្រើនជ្រុលបន្ទាប់ពីស្រេកឃ្លានមកជាយូរពេល។

ទិដ្ឋភាពបែបនោះធ្វើឱ្យយើងខ្លោចផ្សារ និង​​សោកសង្រេងជាពន់ពេក។ ដូច្នោះក្នុងនាមជាមនុស្សជំនាន់ថ្មី ជាមនុស្សក្នុងសតវត្សរ៍ទី២១ដ៏ទំនើប យើង​មិន​គួរឱ្យទិដ្ឋភាពស្រេកឃ្លានទាំងនោះបន្តមានចំពោះប្រជាជនខ្មែរមកដល់បច្ចុប្បន្ននោះឡើយ។

ពោលយើង​ត្រូវ​ពូតដៃ​គ្នាសង្គ្រោះ និងរំលែកទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ តាមរយៈការចែករំលែកគ្រប់ទម្រង់រូបភាពតាមដែល​អាច​ធ្វើទៅបាន។

131348016_3913205148724915_8751743923344406670_o

ការចែករំលែក ពុំមែនទាល់តែមានទ្រព្យសម្បត្តិហៀរហូរ ឬមានលុយកាក់ចាយវាយមិនអស់ទើបអាច​ចែករំលែក​បាននោះទេ។ តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែមានលទ្ធភាពចែករំលែកបានដូចគ្នា។

មានន័យថា សូម្បីតែ​យើង​ជូន​អាហារទៅអ្នកខ្វះខាតមួយពេលក៏ហៅថាជាការចែករំលែកដែរ ហើយគ្រាន់តែជូនលុយ១០០រៀល​ដល់​អ្នកសុំទានក៏ហៅថាជាការចែករំលែកបានដែរ ព្រោះអ្នកខ្វះខាតមិនចង់បានអ្វីច្រើនពីយើងនោះទេ គឺគ្រាន់តែ​បាន​អាហារមួយពេលដើម្បីចម្អែតក្រពះ គឺច្រើនពេកទៅហើយ។

អ៊ីចឹងក្នុងនាមយើងជាកូនខ្មែរឈាមជ័រតែមួយ គួរតែ​បណ្ដុះវប្បធម៌ចែករំលែកទាំងអស់គ្នាឱ្យបានទូលំទូលាយ ពិសេសយើងគួរកាត់បន្ថយការដើរចាយវាយខ្ជះខ្ជាយ​ឥតប្រយោជន៍ដូចជាចូលហាងផឹកស៊ី ចូលខារ៉ាអូខេ ទិញសម្ភារៈទំនើបៗ... ព្រោះវាពុំបានធ្វើឱ្យយើងខ្ពស់មុខ ឬ​មាន​អ្នកគោរពស្រឡាញ់នោះឡើយ។

130962427_3910519822326781_2260253444309604299_o

បច្ចុប្បន្នខ្ញុំសង្កេតឃើញថា មានបុគ្គលអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហៀរហូរមួយចំនួនបាន និងកំពុងប្រើប្រាស់​ទ្រព្យសម្បត្តិ ឬលុយកាក់របស់ខ្លួនដើរចាយវាយខ្ជះខ្ជាយឥតប្រយោជន៍ ខណៈដែលមនុស្សជាច្រើនកំពុងតែ​រស់​នៅ​រងទុក្ខវេទនា គ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានផ្ទះសម្បែងរស់នៅសមរម្យ និងខ្វះភាពកក់ក្ដៅក្នុងគ្រួសារ។

វាពិតជាខ្ជះខ្ជាយខ្លាំងមែនទែន ដែលម្ហូបអាហារ និងភេសជ្ជៈទាំងនោះត្រូវខ្ជះខ្ជាយ ហើយ​យកទៅចាក់ចោល ស្រប​ពេលដែលយើងគ្រប់គ្នាឃើញមានក្មេងៗជាច្រើន ដើរសុំទានដើម្បីចម្អែតក្រពះតែប៉ុណ្ណោះ។

ដូច្នេះខ្ញុំសូមអំពាវនាវថា ប្រសិនបើសល់ម្ហូបអាហារសូមកុំយកទៅចាក់ចោលឱ្យសោះ ត្រូវវេចខ្ចប់យកទៅឱ្យ​ក្មេង​សុំទានតាមផ្លូវ និងអ្នកដែលគ្មានអ្វីហូបចុក នោះយើងពិតជាបានបុណ្យខ្លាំងណាស់ ហើយវាពុំមែន​ជារឿង​អសីលធម៌ ឬជារឿងមើលងាយគេនោះទេ។

ព្រោះម្ហូបអាហារទាំងនោះពុំមែនយើងញ៉ាំឡូកឡំ ឬកកូរកកាយ​ពេញ​ហ្នឹងទេ គឺយើងញ៉ាំប្រកបដោយអនាម័យ និងមានស្លាបព្រាផ្សេងសម្រាប់ដួស។

131478768_3905299622848801_7749316179684814502_o

សូមចងចាំក្នុងចិត្តថា សិល្បៈនៃការចែករំលែក គឺជាប្រភពនាំមនុស្សទៅរកសុខសន្តិភាព រីកចម្រើន សម្បូរ​សប្បាយ និងភាតរភាព។ បើគ្មានការចែករំលែកទេ ជីវិតច្បាស់ជាគ្មានន័យខ្លឹមសារអ្វីទាំងអស់។ បើគ្មាន​ការ​ចែករំលែក​ទេ ជីវិតគឺប្រៀបដូចជាឋានសួគ៌ និងឋាននរកតែមួយ ដូច្នោះដែរ៕

#ស្រង់ប្រសាសន៍លោកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP