អាសូរក្រៃលែង! កូនជិតគ្រប់ហើយបែរជាម្តាយជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់កូនក្នុងផ្ទៃ ឪពុកទ្រហោយំស្រណោះយ៉ាងខ្លាំង

នេះជាគ្រោះអកុសលមួយដែលកើតឡើងចំពោះស្ត្រីម្នាក់ ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ បែរជាជួបគ្រោះថ្នាក់ចរចរណ៍ ជិះម៉ូតូជ្រុលទៅបុកគូទរថយន្តមួយគ្រឿង បានបើកថយក្រោយចេញពីផ្ទះដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

1

ស្ត្រីដែលរងគ្រោះខាងលើមាន ឈ្មោះ នាត ស្រីធូ អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជាងសារ ឃុំជីគរ ស្រុកត្បូងឃ្មុំ បានជួបឧបទេវហេតុគ្រោះថ្នាក់នៅកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥-១៤៦ ស្ថិតក្នុងភូមិង សួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

2

ក្រោយពីជួបគ្រោះថ្នាក់ខាងលើ ក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់សម្រាលទាំងដែលស្ត្រីជាម្តាយកំពុងមានរបួសធ្ងន់ ហើយនៅទីបំផុតបានត្រឹមជួយសង្គ្រោះជីវិតម្តាយ ខណៈដែលទារកបានបាត់បង់ជីវិតទៅ ហើយ ជាហេតុធ្វើឱ្យបុរសជាប្តី និងជាឪពុកទួញយំបោកខ្លួនស្តាយស្រណោះកូន ណាមួយអាណិតប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅឡើយ។

3

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង បានបើកថយ ក្រោយចេញពីមុខផ្ទះ ដោយខ្វះការប្រុងប្រយ័ត្ន គាប់ជួនក៏មានម៉ូតូ១គ្រឿង បើកបរដោយស្ត្រីរងគ្រោះខាងលើ កំពុងមានផ្ទៃពោះជិតគ្រប់ខែផងនោះ បានជ្រុលទៅបុកគូទរថយន្ត ផ្នែកចំហៀងខាងស្តាំបណ្តាលឲ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះដែលកំពុងមានផ្ទៃពោះផង ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ លុះដល់វេលាម៉ោង៣រសៀលនាថ្ងៃដដែល ដោយឃើញស្ថានភាពកាន់តែធ្ងន់ធ្ងរ ទើបក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់សម្រាលជូនស្ត្រីរងគ្រោះ ទាំងកំពុងមានរបួសតែម្តង តែជាអកុសលកូនក្នុងផ្ទៃបានបាត់បង់ជីវិតទៅហើយ ដោយត្រឹមសង្គ្រោះស្ត្រីជាម្តាយឲ្យមានសុវត្ថិភាពប៉ុណ្ណោះ។

4

ក្រោយពីទទួលរងសម្ពាធផ្ទួនៗ កូនស្លាប់ ប្រពន្ធកំពុងសង្គ្រោះបន្ទាន់បែបនេះ បានធ្វើឱ្យបុរសជាប្តីមានការស្លុតចិត្ត ទួញយំបោកខ្លួនយ៉ាងខ្លាំង ស្រណោះជីវិតកូន ព្រមទាំងអាណិតប្រពន្ធកំពុងរងរបួសធ្ងន់ទៀត។

ជុំវិញករណីខាងលើនេះ បុរសជាប្តីរបស់ស្ត្រីរងគ្រោះ ក៏បានដាក់ពាក្យប្តឹងទៅកាន់អធិការនគរបាលក្រុងសួង ដើម្បីទាមទារសំណងទឹកប្រាក់ពីភាគីបង្កចំនួន ៥០០០ដុល្លារ ដើម្បីយកមកព្យាបាលរបួសប្រពន្ធ៕

5