ឈើប្រណិត “ឈ្លីច” ៣៤កំណាត់ ត្រូវបានកម្លាំងចម្រុះចុះដកហូត នៅក្នុងស្រុកឱរ៉ាល់

(កំពង់ស្ពឺ)៖ ក្នុងរយៈពេល ២ថ្ងៃនេះ កម្លាំងចម្រុះចេញបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះដកហូតឈើប្រណិត “ឈ្លីច” ចំនួន ៣៤កំណាត់ ដែលក្រុមទុច្ចរិតបានលួចកាប់ហើយលាក់ទុកនៅក្នុងស្រុកឱរ៉ាល់។

1

នៅថ្ងៃទី០១ មិថុនា បន្តប្រតិបត្តិការរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានការចូលរួមសហការកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរងខេត្ត ជាមួយមន្ត្រីបរិស្ថាន ការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចុះដកហូតចាប់ឈើជ្រុងប្រភេទ “ឈ្លីច” ចំនួន ៣៤កំណាត់ មិនទាន់វាស់វែង (គ្មានម្ចាស់) ដែលលាក់ទុក នៅចំនុច ក្នុងព្រៃដីឡូតិ៍ ស្ថិតក្នុងភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

2

បច្ចុប្បន្ន កម្លាំងចម្រុះ កំពុងនៅការពារ និងដឹកជញ្ជូនយកទៅទុក នៅស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅភូមិក្រាំងពង្រ ឃុំសង្កែសាទប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

3

4

ប្រភពៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ