ត្រីងាប់ជាច្រើននៅស្ទឹងសង្កែ ក្រសួងបរិស្ថាន បង្ហាញពីលទ្ធផលធ្វើតេស្តលើសំណាកទឹកស្ទឹង គឺមាន…

(បាត់ដំបង)៖ យោងតាមការពិនិត្យទៅលើសំណាកទឹកស្ទឹងសង្កែដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថានរកឃើញថា មានសារធាតុអាស៊ីដនៅក្នុងទឹក ដែលតាមការស្រាវជ្រាវគឺសង្ស័យមានការលេចធ្លាយហូរចេញពីក្រុមហ៊ុន ឈ្មោះហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ។ នេះបើតាមការបញ្ជាក់ពី លោក កត បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

1

2

លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានបំពុលទឹកក្នុងដងស្ទឹងសង្កែមួយផ្នែកខាងលើធ្វើឲ្យមានត្រីងាប់ មន្ត្រីជំនាញក្រសួងបរិស្ថាន មន្ត្រីអធិការកិច្ច ដោយសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត បានចុះពិនិត្យ ភ្លាមៗ ការលេចធ្លាយនេះកើតឡើងដោយសារតែមាន ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នានៅក្នុងតំបន់នោះ មានទឹកជំនន់ធ្វើឲ្យមានការលេចធ្លាយសារធាតុអាស៊ីដហូរចូលក្នុងទឹកស្ទឹង។ មកដល់ពេលនេះ បានទប់ស្កាត់ និងគ្រប់គ្រងបានទាំងស្រុងនូវផលប៉ះពាល់នេះ ហើយកម្រិតសារធាតុអាស៊ីដនៅក្នុងទឹក ក៏ត្រូវបានបន្សាបរួចរាល់ហើយ។ ស្ថានភាពបច្ចុប្បន្ន ទឹកនៅតាមដងស្ទឹងសង្កែដែលរងការបំពុលមានពណ៌លឿងត្នោត តែ មិនមានផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងជីវចម្រុះទៀតទេ។

3

4

លោកប្រធានមន្ទីរបរិស្ថានខេត្តបន្ថែមថា មន្ត្រីជំនាញក្រសួងបរិស្ថានបាននឹងកំពុងពិនិត្យលើវិធានការដាក់វិន័យចំពោះក្រុមហ៊ុនចិន ដែលបង្កឲ្យមានការលេចធ្លាយសារធាតុអាស៊ីដចូលក្នុងទឹកខាងលើ។ ក្រុមការងារ បច្ចេកទេសនៃក្រសួងបរិស្ថាននឹងពិនិត្យលើវិធានការនៅថ្ងៃទី៣១ ខែឧសភា ក្រោយពីទទួលបានព័ត៌មានពេញលេញ និងទទួលបានលទ្ធផលពី មន្ទីរពិសោធន៍ថា ក្រៅពីសារធាតុអាស៊ីដ និងមានសមាសភាពសារធាតុអ្វីផ្សេងទៀត។

5

យោងតាមនីតិវិធីដែលមន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានអនុវត្តកន្លងមក ករណីមានការបំពុលបែបនេះ ជាវិធានការទី១៖ ស្នើឲ្យមានការ ផ្អាកជាបណ្តោះអាសន្ននៃដំណើរការក្រុមហ៊ុន នេះដោយតម្រូវឲ្យមានការឯក ភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងអនុវត្តន៍ និងអាចស្នើសុំការសហការពីអាជ្ញាធរខេត្ត ដើម្បីផ្អាកសកម្មភាពបណ្តោះអាសន្ន ដើម្បីពិនិត្យសាឡើងវិញនូវបទដ្ឋានបច្ចេកទេស មុននឹងអនុញ្ញាតឲ្យដំណើរការសាជាថ្មី។ វិធានការទី២៖ ក្រុមការងារបច្ចេកទេស នឹងពិនិត្យលើទំហំនៃការបំពុលលើបរិស្ថានដែលក្រុមហ៊ុនបានបង្កឡើង និងត្រូវប្រឈមនឹងការផាកពិន័យយោងតាមច្បាប់ជាធរមាន៕

6

7

ប្រភព៖ ក្រសួងព័ត៌មាន