អ្នកណាចូលចិត្តញាំសត្វខ្យាដំរីខ្លះ! កសិករខេត្តសៀមរាប គ្រោងបង្កើតកសិដ្ឋានចិញ្ចឹមតែម្តង បើមានទីផ្សារខ្ពស់

សៀមរាប៖ បច្ចុប្បន្នសត្វខ្យាដំរីមានទីផ្សារខ្ពស់ កសិករខេត្តសៀមរាប គ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី ខណៈដែលកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្ត។

លោក ដឹង សាវី អាជីវករលក់សត្វខ្យាដំរីធម្មជាតិនៅ ក្នុងភូមិតាឯក ឃុំរុន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា លោកបានចាប់យករបរលក់ខ្យាដំរីនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយ គឺលក់នៅក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី-ខេត្តផ្សេងៗទៀត។ សត្វខ្យាដំរីដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន គឺប្រមូលទិញពីប្រជាកសិករ ដែលពួកគាត់ទៅរកនៅក្នុងព្រៃ ដែលជាសត្វខ្យាដំរីធម្មជាតិ ដោយយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់អាជីវករផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។

លោកបញ្ជាក់ថា ប្រសិនបើមានការកម្ម៉ង់ទិញច្រើន សម្រាប់យកទៅក្រៅប្រទេសនោះ លោកនឹងបើកកសិដ្ឋានចិញ្ចឹមផ្ទាល់តែម្ដង ដោយសារ តែសត្វខ្យាដំរីនេះ មានអាយុកាលរស់បានយូរ។

សូមបញ្ជាក់ថា សត្វខ្យាដំរីនេះ គេអាចយកមកធ្វើជាអាហារញាំ ដោយយកទៅបំពង ឬ អាំង និងយកមកត្រាំស្រាធ្វើជាឱសថបុរាណក៏បាន សម្រាប់ទទួលទាន ដើម្បីធ្វើឱ្យយើងមានសុខភាពល្អ ត្រជាក់ក្នុងខ្លួន។ ចំពោះតម្លៃវិញសត្វខ្យាដំរីលេខ១ ក្នុង១០០ក្បាល គឺតម្លៃ ១០ម៉ឺនរៀល និងលេខ២ មានតម្លៃ ៨ម៉ឺនរៀល៕

1

2

3

4