អាជ្ញាធរខេត្តសៀមរាប ប្រកាសបិទការចេញ-ចូលផ្សារសាមគ្គី ចាប់ពីថ្ងៃទី២៦នេះតទៅ

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ការប្រកាសបិទនេះ គឺដោយសារមានជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ ស៊ុ សុធា ភេទស្រី អាយុ៥០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ស្ត្រីឈ្មោះ ស៊ុ សុធា នេះត្រុវបានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ខណៈដែលស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញតាមរថយន្តក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយ ផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានទៅទិញកាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែក ខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ឬអ្នកមានរួមដំណើរក្នុងរថយន្តជាមួយ សូមរួសរាន់ធ្វើចត្តា ឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

1

2

3

4