អតីតសហការី វិទ្យុអាស៊ីសេរី (RFA Khmer) ០១រូប បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ អតីតសហការី វិទ្យុអាស៊ីសេរី (RFA Khmer) ០១រូប បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ តែមួយរយៈពេលខ្លី។ នេះបើយោងតាមគណនីផេករបស់ វិទ្យុអាស៊ីសេរី (RFA Khmer) នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ក្នុងសាររបស់គណនីហ្វេសប៊ុកខាងលើ បានលើកឡើងថា៖ «យើងខ្ញុំសោកស្តាយ និងមានទុក្ខជាទម្ងន់ ចំពោះការបាត់បង់ជីវិតអតីតសហការីយើងខ្ញុំម្នាក់ នៅប្រទេសកម្ពុជា ដោយសារជំងឺកូវីដ១៩។ អ្នកស្រី ហុង វណ្ណា ធ្លាប់បំពេញការងារឲ្យវិទ្យុអាស៊ីសេរីនៅភ្នំពេញរយៈជិត ២០ឆ្នាំ ក្នុងនាទីជាអ្នករៀបចំថែរក្សាការិយាល័យនៅទីនោះ។ អ្នកស្រីបានទទួលមរណភាពក្នុងជន្មាយុ ៥៥ឆ្នាំ កាលពីថ្ងៃទី២៣ ឧសភា បន្ទាប់ពីឆ្លងជំងឺកូវីដតែមួយរយៈពេលខ្លី។

យើងខ្ញុំរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងនេះ។ អ្នកស្រី ហុង វណ្ណា ជាសហការី ជាម្ដាយ ជាបងស្រីម្នាក់ ដ៏គួរឱ្យគោរព។ ថ្វីដ្បិតតែមិនចេញមុខ ចេញសំឡេង លើវិទ្យុក្ដី អ្នកស្រី ហុង វណ្ណា ជាមនុស្សសំខាន់ម្នាក់មិនអាចខ្វះបាននៅការិយាល័យវិទ្យុអាស៊ីសេរី នៅភ្នំពេញ។ អ្នកស្រីតែងមកដល់ការិយាល័យមុនគេ មុនឯងជារៀងរាល់ថ្ងៃ។ ពេលខ្លះនាំទាំងកូន និងក្មួយៗ មកផង ដើម្បីមកជួយរៀបចំការិយាល័យដែលពួកយើងបានពង្រាយពេញមួយថ្ងៃ ឲ្យបានស្អាតបាត មានរបៀបរៀបរយឡើងវិញ។ យើងនឹកស្រណោះអាឡោះអាល័យចំពោះអ្នកស្រី និងសូមអរគុណនូវរាល់អ្វីៗ ដែលអ្នកស្រី ហុង វណ្ណា បានចូលរួមចំណែក ធ្វើឲ្យអាស៊ីសេរីដំណើរការបានដោយរលូន និងទទួលបានជោគជ័យកន្លងមក។

យើងខ្ញុំសូមចូលរួមមរណទុក្ខ ក្នុងគ្រាដ៏សោកសង្រេងនេះ ជាមួយគ្រួសាររបស់អ្នកស្រី ជាពិសេសជាមួយកូនស្រីតែមួយគត់របស់អ្នកស្រី។ សូមឲ្យវិញ្ញាណក្ខន្ធអ្នកស្រី ហុង វណ្ណា បានទៅដល់ឋានសុគតិភព។ ទន្ទឹមនឹងយើងខ្ញុំសោកសង្រេងចំពោះការបាត់បង់អតីតសហការីរបស់យើង យើងខ្ញុំក៏សង្វេគចិត្តខ្លាំងណាស់ដែរ ចំពោះការបាត់បង់ជីវិតជនរួមជាតិដទៃទៀត ដោយសារជំងឺកូវីដ១៩នេះ។ សូមលោក លោកស្រី អ្នកនាងកញ្ញា បន្តប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺនេះ»៕

1 (2)

2 (2)