អាជ្ញាធរក្រុងបាវិត សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នផ្សារជីភូ ពាក់ព័ន្ធនឹងជំងឺ.កូ.វី.ដ-១៩ ក្នុងរយៈពេល…

(ស្វាយរៀង)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញ-ចូល ផ្សារជីភូ ស្ថិតនៅភូមិគោកលៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករទាំងអស់ក្នុងផ្សារជីភូ ឲ្យបានជ្រាបថាៈ ថ្មីៗនេះមានបងប្អូនកម្មករ-កម្មការិនីដែលមានជំងឺកូវីដ-១៩ បានចេញ-ចូល ទិញទំនិញ និងគ្រឿងឧបភោគបរិភោគ នៅផ្សារជីភូ ស្ថិតនៅក្នុងភូមិគោកលៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ដោយយោងតាមស្ថានភាពនៃការរីករាលដាលនៃជំងឺ.កូ.វី.ដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យមានការព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

ដូចនេះ រដ្ឋបាលក្រុងបាវិត សូមផ្អាកដំណើរការជាបណ្តោះអាសន្ន រាល់ការចេញ-ចូល ផ្សារជីភូ ស្ថិតនៅភូមិគោកលៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការនឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ.កូ.វី.ដ-១៩ ចូលក្នុងសហគមន៍ ។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងបាវិត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ-កម្មការិនីទាំងអស់ដែលធ្លាប់ចេញ-ចូលផ្សារជីភូ ឬប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាកធ្វើតេស្តរកមេរោគកូ.វី.ដ-១៩ ជាបន្ទាន់នៅទីតាំងយកសំណាកអតីតយានដ្ឋាន Mr So ឬទំនាក់ទំនង លេខទូរសព្ទ័ 088 634 2700៕

1

2

3

7