អភិបាលខេត្តកំពង់ស្ពឺ ត្រូវរុះរើជាបន្ទាន់ នូវផ្លាកយីហោស្រា.បៀអស់ ដែលដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្ម នៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវសាធារណៈ ដោយទុករយៈពេល…

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រា.បៀ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ក្នុងលិខិតជូនដំណឹងនេះ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋានអាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រា.បៀទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជ្រាបថាៈ កន្លងមករដ្ឋបាលខេត្តកំពង់ស្ពឺ បានសង្កេតឃើញថា មានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រា.បៀ ជាច្រើននៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមថ្លែងនូវការកោតសសើរចំពោះការចូលរួមសហការ ពីបណ្តាម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួនក្នុងការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តសូមស្នើឱ្យ លោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រា.បៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រា.បៀនៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រា.បៀទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និង រាល់ការខូចខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ៕

1

2

3

4