អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទមន្ទីរសម្រាកព្យាបាល យី គក់ ក្រោយពីរកឃើញបុរសម្នាក់មានវិជ្ជមានកូវីដ-១៩

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាៈ ករណីឈ្មោះ សាន កុសល អាយុ២៥ឆ្នាំ ត្រូវជាប្តីស្ត្រីឈ្មោះ ឈួន សុម៉ាលី និងមានប្អូនស្រី ១នាក់ ធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល យី គក់ កាលពីថ្ងៃទី១១ ឧសភា ២០២១ ដោយមូលហេតុ ឈឺក្បាល និងគ្រុនក្តៅពេលយប់។ បន្ទាប់ពីធ្វើតេស្តរហ័ស អវិជ្ជមាន អ្នកជំងឺរូបនេះត្រូវបានដាក់ឱ្យព្យាបាលនៅអគារជំងឺឆ្លង (ដោយមកពីតំបន់ប្រឈមកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានអនុវត្តតាមវិធានសុខាភិបាលជាប់ជាប្រចាំ) និង នៅថ្ងៃទី២២ ឧសភា ២០២១ ដោយអ្នកជំងឺនៅតែឧស្សាហ៍គ្រុនពេលយប់ និងគ្មានគ្រុនចាញ់ ក្រុមគ្រូពេទ្យបានដាក់ការសង្ស័យលើកូវីដ-១៩ ក៏តម្រូវឱ្យយកសំណាកវិភាគម្តងទៀត មានលទ្ធផល «វិជ្ជមាន» ដោយតេស្តរហ័ស។

1

ភ្លាមនោះ អ្នកគ្រប់គ្រងគ្លីនិកបានរាយការណ៍មកក្រុមឆ្លើយតបបន្ទាប់មន្ទីរសុខាភិបាល និងសុំអនុញ្ញាតបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ជាមួយនឹងធ្វើតេស្តអ្នកកំដរទាំង២នាក់ លទ្ធផល ប្រពន្ធឈ្មោះ ឈួន សុម៉ាលី និងប្អូនស្រី ឈ្មោះ សាន ស្រីមុំ មានលទ្ធផល អវិជ្ជមាន។ ប្អូនស្រីជាអ្នកជួយទិញម្ហូបចំណីនៅខាងមុខមន្ទីរសម្រាកព្យាបាល រីឯអ្នកជំងឺនិងប្រពន្ធគាត់មិនចល័តទេ។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះយកសំណាកវិភាគលើក្រុមគ្រូពេទ្យដែលបានប៉ះពាល់ ចំនួន ៦នាក់ មានលទ្ធផល អវិជ្ជមាន ធ្វើដោយតេស្តរហ័ស និងបញ្ជាកល់ដោយ GeneXpert។

2

សូមបញ្ជាក់ថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានកំណត់ឱ្យម្ចាស់គ្លីនិកផ្អាកទទួលការព្យាបាលនៅអគារជំងឺឆ្លង និងតម្រូវឱ្យក្រុមគ្រូពេទ្យដែលបានប៉ះពាល់ធ្វើចត្តាឡីស័កនៅអគារនោះតាំងពីថ្ងៃទី២២ ឧសភា ២០២១ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសឈ្មោះ សាន កុសល រួចមក។

3

ដូច្នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមការអនុញ្ញាតពីរដ្ឋបាលខេត្តបាត់ដំបង ដើម្បីផ្អាកទទួលការព្យាបាលជាបណ្តោះអាសន្ននៅអគារជំងឺឆ្លងនៃមន្ទីរសម្រាកព្យាបាល យី គក់ រហូតដល់ពេលជូនដំណឹងជាថ្មី និងតម្រូវឱ្យក្រុមគ្រូពេទ្យទាំង ៦នាក់(ផ្ទាល់ ៤នាក់ និងប្រយោល ២នាក់) ដែលបានប៉ះពាល់អ្នកជំងឺ ធ្វើចត្តាឡីស័កនៅអគារនេះឱ្យបានហ្មត់ចត់តាមវិធានសុខាភិបាល។

4

យើងខ្ញុំសូមការយោគយល់អធ្យាស្រ័យ ចំពោះការផ្សព្វផ្សាយយឺតយ៉ាវ ដោយក្រុមការងារជាប់រវល់ចុះអន្តរាគមន៍អ្នកប៉ះពាល់នៅស្រុកឯកភ្នំ ប៉ុន្តែវិធានការណ៍ និងបច្ចេកទេសអន្តរាគមន៍ ក្រុមការងារបានអនុវត្តដោយហ្មត់ចត់ និងទាន់ពេលភ្លាមៗ មិនបណ្តែតបណ្តោយឱ្យបញ្ហាបង្កការប្រឈមដល់សាធារណជនឡើយ ហើយពួកយើងខ្ញុំ ក៏មិនចង់ក្លាយជា «វិរុទ្ធនិទស្សន៍នៃទូទៅនីយកម្មប្រញាប់ប្រញាល់»នោះទេ៕

5

1

2

3

ប្រភពពីៈ រដ្ឋបាលខេត្តបាត់ដំបង