កើនឡើងច្រើន! អាជ្ញាធរខេត្តស្វាយរៀង រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៣នាក់ និងបានប៉ះពាល់ផ្ទាល់ជាច្រើននាក់

(ស្វាយរៀង)៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៣នាក់ (ស្រី ៩៣នាក់) ដោយយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថាៈ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៣នាក់ (ស្រី ៩៣នាក់) ក្នុងខេត្តស្វាយរៀង ៖

១-ករណីវិជ្ជមានកូវីដ-១៩ នៅក្រុងបាវិត៖ នៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកលើអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នៅរោងចក្រយូលី អ៊ីនធើណេសិនណល (ខេមបូឌា)ហ្គាមែន ក្នុងតំបន់SEZសានតុង សាន់សែល នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ធ្វើតេស្តរហ័សលើកម្មករ-កម្មការិនីចំនួន ៩០៦នាក់ លទ្ធផលមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០១នាក់ ក្នុងនោះស្រី ៩២នាក់ (សូមមើលក្នុងលិខិតជូនដំណឹងខាងក្រោម)។

២-ករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្វាយជ្រំ៖ បុរសឈ្មោះ ឆាន់ សាំ អាយុ ៧១ឆ្នាំ រស់នៅភូមិដូនស ឃុំដូនស បានចូលពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការសង្ស័យក្នុងនិយមន័យកូវីដ-១៩ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ ចំពោះអ្នកប៉ះពាល់មានចំនួន ៣៤នាក់ (ស្រី ១៩នាក់) រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក។

៣-ករណីវិជ្ជមានកូវីដ-១៩ នៅស្រុកចន្ទ្រា៖ ស្ត្រីឈ្មោះ ឈឹម ម៉េងសម្ផស្ស អាយុ ២៦ឆ្នាំ មានមុខរបរកម្មការិនី រោងចក្រម៉ូរ៉ូប៉ូជី ផលិតថង់ ក្នុងតំបន់SEZ មេនហាតធេន រស់នៅភូមិត្រពាំងរុន ឃុំច្រេស កន្លងមកធ្លាប់ប៉ះជាមួយអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ មួរ នឿន។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានជំងឺកូវី-១៩។ ចំពោះអ្នកប៉ះពាល់មានចំនួន ១០៥នាក់ ស្រី ៥១នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក។

បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ០២នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ១០១នាក់។

1

2

3

4

5