កើនឡើងខ្លាំងពេច ! អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ដាក់ចេញវិធានការថ្មីៗបន្ថែមទៀត នៅពេលមានអ្នកជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុគជាបន្តបន្ទាប់

(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងយ៉ាងគំហុកនៅតាមបណ្តាក្រុមហ៊ុន រោងចក្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

នៅក្នុងកិច្ចប្រជុំបន្ទាន់នោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា យើងត្រូវបន្តអនុវត្តវិធានការរដ្ឋបាលដដែល គឺបន្តច្បាមឱ្យជាប់អ្នកសង្ស័យ ក្រោមយុទ្ធសាស្ត្រការស្រាវជ្រាវ និងការធ្វើតេស្ត គឺកិច្ចការនេះប្រគល់ជូនខាងមន្ទីរសុខាភិបាល និងមន្ទីរការងារ គឺផ្តោតជាសំខាន់លើកម្មករ កម្មការិនីតាមរោងចក្រសរុបទាំង ១៧កន្លែងដែលមានចំនួនសរុបប្រមាណ ៤០.០០០នាក់នោះ។ ហើយក្រោយពីធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ហើយ យើងត្រូវយកពួកគេមកព្យាបាល គឺដាច់ខាតកុំទុកពួកគាត់(អ្នកជំងឺ)ចោលនោះឡើយ ទោះជានៅទីណា ឆ្ងាយប៉ុណ្ណាក៏ដោយ។

ពិសេសស្ថិតក្នុងស្ថានភាពអ្នកជំងឺបានកើនឡើងយ៉ាងគំហុគជាបន្តបន្ទាប់បែបនេះ គឺយើងត្រូវត្រៀមរៀបចំមន្ទីរពេទ្យតាមបណ្តាស្រុកយ៉ាងហោចមួយមន្ទីរពេទ្យឲ្យបានចំនួន ១០គ្រែដែរ។ ហើយមកដល់ពេលនេះរដ្ឋបាលខេត្ត ក៏បានសម្រេចយកវិទ្យាល័យព្រះសីហនុ នៅក្រុងកំពង់ចាម សម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ ហើយសម្រាប់អ្នកជំងឺធ្ងន់ៗ ត្រូវបញ្ជួនទៅមន្ទីរពេទ្យមេគង្គកំកំពង់ចាម៕

1

2

3

4