មកលេងផ្ទះឃើញកូវីដ! ស្ត្រីម្នាក់មកពីខេត្តព្រះសីហនុ រកឃើញវិជ្ជមានកូវីដ-១៩ នៅស្រុកបូរីជលសារ

(តាកែវ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលស្រុកបូរីជលសារ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលមកខេត្តព្រះសីហុន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងលិខិតនោះដែរ រដ្ឋបាលស្រុកបូរីជលសារ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបូរីជលសារ និងសាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា៖ បុគ្គលឈ្មោះ ទិត ស្រីអូន ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ បានមកលេងផ្ទះ នៅភូមិឃុំខាងលើ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ចជំនាញ បានបញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ។

ដោយយោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លើបុគ្គលឈ្មោះ វិត ស្រីអូន ដែលបានធ្វើដំណើរមកពី ខេត្តព្រះសីហនុបានបញ្ជាក់ថា៖ វិជ្ជមាន ជំងឺកូវីដ-១៩ ។

រដ្ឋបាលស្រុកបូរីជលសារ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយ អ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឬទីតាំងដែលបងប្អូនកំពុងរស់នៅផ្ទាល់ ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ។ ក្នុងករណីសង្ស័យមានបញ្ហាសុខភាពដូចជា ក្អក ក្តៅខ្លួន ឈឺក ពិបាកដកដង្ហើម ត្រូវប្រញាប់រួសរាន់រាយការណ៍ជូន អាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៩៧ ៣៩០ ០៨៤០ និង ០១២ ៥៧៣ ២០១៕

Image_2021 05 23_12 16 25