នៅតែមាន! មេខ្យល់ ២នាក់ នាំពលករ ១៦នាក់ លួចឆ្លងដែន ត្រូវបានសមត្ថកិច្ចចាប់ឃា.ត់ខ្លួនបាន នៅស្រុកអូរជ្រៅ

(បន្ទាយមានជ័យ)៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិរដ្ឋបាលឃុំអូរបីជាន់ និងកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានចាប់ឃាត់ខ្លួនមេខ្យល់ចំនួន ២នាក់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

1

មេខ្យល់ដែលត្រូវបានចាប់ខ្លួនទាំង២នាក់ មានឈ្មោះ ពៅ បូរី ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបឹងប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពួកគេ បាននាំពលករខ្មែរចំនួន ១៦នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសថៃ។

2

សូមបញ្ជាក់ដែរថា ចាប់តាំងពីកងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

3

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានឲ្យដឹងដែរថា កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ បានដាក់ពង្រាយតាមបន្ទាត់ព្រំដែនជាច្រើនចំណុចសហការជាមួយកម្លាំងចម្រុះ ក្នុងគោលបំណងទប់ស្កាត់អោយខានតែបានការនាំពលករឆ្លងដែនខុសច្បាប់ ដោយកន្លងមកកងកម្លាំងជួរមុខនេះ បានឃាត់ពលករឆ្លងចេញ-ចូលជាង ១០០០នាក់ និងឃាត់បានមេខ្យល់ជាច្រើននាក់ផងដែរ៕

4