អ្នកចែកចាយតប្រយ័ត្ន! ស្ត្រីម្នាក់បង្ហោះព័ត៌មានបំភ្លៃខុសពីការពិត ត្រូវបានអាជ្ញាធរខេត្តកំពង់ចាមចេញមកបំភ្លឺ

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញលិខិតប្រកាសព័ត៌មានមួយជុំវិញករណី មានស្ត្រីបានបង្ហោះព័ត៌មានមិនពិតប្រាកដ ធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំរៀបចំមណ្ឌលចត្តាឡីស័ក ជូនបងប្អូនកម្មករ-កម្មការិនីឱ្យបានសមរម្យ។

នៅក្នុងលិខិតប្រកាសព័ត៌មាន ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ពិសេសបងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) និងសាធារណជនទាំងអស់ អំពីករណីស្ត្រីម្នាក់ដែលំប្រើប្រាស់គណនីហ្វេសបុក “សំអាងការ ហុងគីព្រីងជ្រុំ” បានសរសេរបង្ហោះក្នុងគណនីហ្វេសបុករបស់ខ្លួនថា «ឃើញរូបនេះហើយអាណិតពួកគាត់ខ្លាំងណាស់ ១៤ថ្ងៃស៊ូៗ ព្រីងជ្រុំខ្ញុំអើយ សូមឲ្យសំណាងល្អជៀសីផុតចុះស៊ូៗ» ដោយអមជាមួយរូបភាពអ្នកធ្វើចត្តាឡីស័ក ចំនួន ០៥សន្លឹក កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១។

ការបង្ហោះរូបភាពនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញមានការយកទៅកែច្នៃបង្ហោះចែកចាយតគ្នាជាច្រើនគណនី Facebook ផ្សេងៗគ្នាដែលទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានដែលបានខិតខំរៀបចំមណ្ឌលចត្តាឡីស័ក ជូនបងប្អូនកម្មករ-កម្មការិនីឱ្យបានសមរម្យ ហើយរូបភាពដែលឈ្មោះ មាឃ គី បានបង្ហោះមិនមែនជារូបភាពរបស់បងប្អូនកម្មករ-កម្មការិនីនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យស្គន់ ស្រុកជើងព្រៃឡើយ។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ដល់សាធារណជនដែលនិយមលេងបណ្តាញទំនាក់ទំនងហ្វេសប៊ុកឲ្យបានជ្រាបថា តាមការបញ្ជាក់របស់ស្ត្រីឈ្មោះ មាឃ គី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សំអាការ ហុងគីព្រីងជ្រុំ។ ស្ត្រីរូបនេះ បានបញ្ជាក់ថា ខ្លួនពិតជាបានបង្ហោះរូបភាពអ្នកធ្វើចត្តាឡីស័ក និងខ្លឹមសារខាងលើពិតប្រាកដមែន ប៉ុន្តែរូបភាពទាំងអស់នេះ ខ្លួនបានយកពីគណនីហ្វេសប៊ុកដទៃមកទេ។

រដ្ឋបាលខេត្តកំពង់ចាម សូមសម្តែងនូវការសោកស្តាយចំពោះសំណេរ និងការបង្ហោះរូបភាពរបស់គណនីហ្វេសប៊ុកខាងលើ ដែលគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ផ្ទុយស្រឡះពីការពិត និងមិនបានផ្តល់យុត្តិធម៌ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ដែលកំពុងមមាញឹកក្នុងការចាត់វិធានការបន្ទាន់ឆ្លើយតបនឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅសហគមន៍។ ម្យ៉ាងទៀតដោយផ្អែកលើចម្លើយរបស់ស្ត្រីរូបនេះ រូបភាពទាំងអស់នេះ គឺគ្មានប្រភពច្បាស់លាស់ និងបានចែករំលែកតៗគ្នាតែប៉ុណ្ណោះ។

ដើម្បីជៀសវាងការភាន់ច្រឡំដល់សាធារណជន សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតបំពុលសង្គមបន្តទៅទៀត ហើយអាជ្ញាធរមានសមត្ថកិច្ច និងបន្តស្រាវជ្រាវលើជនល្មើសទាំងឡាយណាដែលបន្តសកម្មភាពបែបនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

2

1