អស្ចារ្យណាស់! ទីក្រុងនាគរាជសម្តេចតេជោ ហ៊ុន សែន ជិតចាប់រូបរាងហើយ បន្ទាប់ពីបានរកឃើញទីតាំងពិតប្រាកដ

(ភ្នំពេញ)៖ គម្រោងទីក្រុងនាគរាជរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ដែលស្ថិតក្នុងមន្ទិលពីទីតាំងពិតប្រាកដនៅកន្លែងណា នៅពេលនេះបានរកឃើញទីតាំងជាក់លាក់បានបង្ហាញជាផ្លូវការហើយ។

តាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងចំណាយថវិកាវិនិយោគ៨០ពាន់លានដុល្លារអាមេរិក និងស្ថិតនៅលើផ្ទៃដីប្រមាណ ៣៧,០០០ហិកតា ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦អា និងបន្តរហូតដល់ផ្លូវជាតិលេខ២១ ដែលស្ថិតនៅចំណុចថ្នល់បំបែករវាងផ្លូវជាតិលេខ៦អា ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ ហើយអូសតាមបណ្តោយផ្លូវជាតិលេខ៥ មកកាន់រាជធានីភ្នំពេញ។

3

ស្រង់សំដីឯកឧត្តម «ខ្ញុំមិនចង់បញ្ចេញព័ត៌មាននេះទេ ដោយសារព្រួយបារម្ភពីដីឡើងថ្លៃនៅតំបន់នេះ ដែលរារាំងដល់ការអភិវឌ្ឍន៍គំរោងដ៏ធំនេះ។ តាមប្លង់ ដែលសម្តេចតេជោបានអនុញ្ញាត្តឲ្យធ្វើការសិក្សា គំរោងទីក្រុងនាគរាជ សម្តេចតេជោ មានមជ្ឈមណ្ឌលពាណិជ្ជកម្មសម្តេចតេជោមួយ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅកណ្តាលទីក្រុងនេះ ដែលមានផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់៦០០ម៉ែត្រ កំពង់ផែអន្តរជាតិ និងសេវាកម្មជាច្រើនទៀត»។

កម្ពុជាខកខានសាងសង់ទីក្រុង ៥៨០ឆ្នាំមកហើយ ហេតុនេះទើបកម្ពុជាត្រូវកសាងទីក្រុងនេះឡើង ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ប្រជាសាស្រ្ត និងជាការដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលហ៊ានពលីជីវិត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស សម្តេចបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

ការសម្រេចជ្រើសរើសទីតាំងនេះ ដោយសារ បើមើលតាមយន្តហោះ ទីតាំងមានរូបរាង និងសណ្ឋានដី ដូចជារូបនាគ ហើយជាទីតាំងបើតាមក្បួនចិន ជាទីតាំងមានហុង ស៊ុយល្អបំផុត ព្រោះទីតាំងនេះមានទន្លេព័ន្ឋជុំវិញ ដែលផ្តល់ជាមធ្យោបាយដឹកជញ្ជូន និងផ្តល់លក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សម្រាប់ភាពសុខដុមរមនា ដល់ប្រជាជននៅក្នុងទីក្រុងនេះនាពេលអនាគត។

ឯកឧត្តមបន្តថា មានតែមិត្តចិនតែមួយប៉ុណ្ណោះ ដែលអាចជួយកសាងទីក្រុងនេះបានទទួលជោគជ័យ ព្រោះគំរោងនេះធំណាស់ និងចាយលុយច្រើនណាស់ ដូច្នេះ ដើម្បីគាំទ្រសម្តេច និងទុកជាកេរ្តិ៍តំណែល ក៏ដូចជា បង្កើននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចបានគាំទ្រគោលនយោបាយចិនតែមួយ រដ្ឋាភិបាលចិនគួរតែជួយកសាងទីក្រុងនេះ ឲ្យលេចរូបរាងឡើង ដើម្បីជាការអបអរសាទរនូវសមិទ្ឋិផល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

តាមប្លង់មេរបស់ទីក្រុងនេះ នឹងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធលើគោក ក្រោមដី និងលើអាកាស ដែលនឹងមិនឲ្យមានបញ្ហាកកស្ទះចរាចរក្នុងទីក្រុងនេះរយៈពេលរាប់រយឆ្នាំ៕

1

2

4

5

6

7

ប្រភពពីៈ Young Leadership Foundation-Cambodia