វីវរហើយនោះ! អ្នកជាប់ពន្ធនាគារនៅភ្នំពេញ និងព្រះសីហនុ រកឃើញមានឆ្លងជំងឺកូវីដ-១៩ចំនួន ៥២នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថាៈ «អ្នកជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានរកឃើញឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥២នាក់ »។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានបន្តថា សម្រាប់អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានចំនួន ១៨នាក់។ ដោយឡែក នៅខេត្តព្រះសីហនុ រកឃើញកាលពីដើមខែឧសភានេះ ចំនួន ៣៤នាក់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានរំលែកយកទៅដាក់អគារផ្សេងដាច់ដោយឡែក។ សម្រាប់អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ-១៩ នៅពន្ធនាគារខេត្តព្រះសីហនុ នឹងត្រូវធ្វើតេស្ដម្ដងទៀត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីបញ្ជាក់អំពីលទ្ធផលថា ពួកគាត់ជាសះស្បើយវិញហើយ ឬមិនទាន់ជាសះស្បើយ។

យ៉ាងណាមិញ សម្រាប់ប្រភពចម្លងដំបូងនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅមិនទាន់អាចបញ្ជាក់លម្អិតឲ្យដឹងនៅឡើយទេ ប៉ុន្ដែតាមការស្រាវជ្រាវជំហ៊ានដំបូង អាចផ្ដើមចេញពីកម្មករសំណង់ដែលដឹកសម្ភារៈចូលពន្ធនាគារ ដើម្បីសាងសង់សំណង់ផ្សេងៗ។ ដោយឡែក សម្រាប់នៅខេត្តព្រះសីហនុវិញ សង្ស័យឆ្លងចេញពីជនជាតិតៃវ៉ាន់ ដែលជាប់ឃុំ ពេលកំពុងត្រៀមបញ្ជូនទៅប្រទេសដើមវិញ។ ចំណែកអ្នកដែលសង្ស័យពាក់ព័ន្ធផ្សេងទៀត ទាំងនៅក្នុងពន្ធនាគារព្រៃស និងពន្ធនាគារខេត្តព្រះសីហនុ ត្រូវបានអនុរក្សពន្ធនាគារ សហការជាមួយមន្ដ្រីសុខាភិបាល រៀបចំយកទៅដាក់នៅអគារផ្សេងដាច់ដោយឡែក ដើម្បីតាមដានសុខភាពបន្ដទៀត យ៉ាងយកចិត្តទុកដាក់បំផុត៕

1

2

3

4