ជំងឺសត្វថ្មីមកកៀកហើយ! ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) កើតមាននៅប្រទេសជិតខាងយើងហើយ ក្រសួងចេញវិធានការទប់ស្កាត់បន្ទាន់

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD)។

ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD)នេះ កើតឡើងដោយមានរោគសញ្ញាសំខាន់ៗ ដែលមានអត្រាសត្វឈឺពី៥-៤៥% និងអត្រាស្លាប់តិចជាង១០% ដែលបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដោយសារជំងឺនេះ មានលេចចេញនូវរោគសញ្ញាមានលក្ខណៈជាដុំពកៗតូច ឬធំទៅតាមស្ថានភាពនៃជំងឺដែលគេរកឃើញនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅខ្លួនអាចឡើងដល់៤១អង្សាសេ។ ដុំពកនេះអាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។ មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយទៀតតាមរយៈការប៉ះពាល់ផ្ទាល់(ពីសត្វទៅសត្វ) ដោយប្រយោលតាមភ្នាក់ងារចម្លងរោគ (ពពួកសត្វបឺតជញ្ចក់ឈាម៖ រុយ មូស ដង្កែ តាបោម...) មធ្យោបាយដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិតបង្កក បរិស្ថាន និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគបង្កជំងឺនេះមានភាពធន់នៅក្នុងបរិស្ថាន និងអាចរស់នៅបានក្នុងក្រមរស្បែកស្ងួតរហូតដល់៣ខែ និងរហូតដល់៦ខែ នៅក្នុងទ្រុងសត្វកខ្វក់ និងគ្មានពន្លឺចេញ-ចូលគ្រប់គ្រាន់។

នៅក្នុងលិខិតសារាចរណែនាំ បានឲ្យដឹងថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុម Poxviridae នៃប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សឺប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយបានឆ្លងរាលដាលពាសពេញពិភពលោកក្នុងនោះមានទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ីខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។ នៅប្រទេសចិន ជំងឺនេះបានឆ្លងរាលដាលចាប់តាំងពីខែសីហា ឆ្នាំ២០១៩ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០។ ចំណែកនៅប្រទេសវៀតណាមវិញ ជំងឺដុំពកលើស្បែកនេះ បានផ្ទុះឡើងចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២០កន្លែងនៅភាគខាងជើង និងភាគកណ្តាល។

ថ្មីៗនេះ តាមរយៈរបាយការណ៍ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសថៃ ក៏មានករណីផ្ទុះឡើងនៃជំងឺនេះចំនួន ១៧ខេត្ត-ក្រុង ដែលក្នុងនោះមានខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ដូចជា ខេត្តសុរិន្ទ ខេត្តបុរីរាំ ខេត្តអ៊ូប៊ុនរ៉ាតឆាថានី និងខេត្តស៊ីសាកេត។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី ចូលមកព្រះរាជាណាចក្រកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ ត្រូវអនុវត្ត និងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដូចខាងក្រោម៖ (សូមបងប្អូនមើលក្នុងលិខិត)

1

2