រលកកូវីដថ្មីមកទៀតហើយ! អាជ្ញាធរ បង្ខំចិត្តជាបន្ទាន់ បិទខ្ទប់អគារជួលស្នាក់នៅរបស់កម្មករ-កម្មការិនីជាង ២០០០នាក់ រយៈពេល ១៤ថ្ងៃ ក្រោយពីរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន…

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូល បានបង្ខំចិត្តបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ នៅទីតាំងស្នាក់នៅរបស់បងប្អូនកម្មករ-កម្មការិនីចំនួន ២កន្លែង ជាបណ្ដោះអាសន្ន ដើម្បីធ្វើតេស្តរកឱ្យឃើញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩។

អភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា បានឲ្យដឹងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រូបលោក និងមន្ត្រីពាក់ព័ន្ធ បានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងទីតាំង ដែលបងប្អូនកម្មករ-កម្មការិនីបម្រើការនៅរោងចក្រ ស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌកំបូល ទើបអាជ្ញាធរបង្ខំចិត្ត បិទខ្ទប់ តំបន់ទាំងនេះ ជាបណ្ដោះអាសន្ន ដើម្បីធ្វើតេស្តរកឲ្យឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍នេះ ជាពិសេស ចៀសវាងការចម្លងតគ្នា ពីមួយទៅមួយ នៅក្នុងតំបន់នេះ ឲ្យបានទាន់ពេលវេលា។

1

ក្រោយពីធ្វើតេស្តបឋម យើងរកឃើញថា មានបងប្អូនកម្មករកម្មការិនីប្រមាណជាង ២០នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមបងប្អូនកម្មករ-កម្មការិនី ប្រមាណជាង ២០០នាក់ ដែលស្នាក់នៅ នៅផ្ទះជួល ក្នុងទីតាំងខាងលើ។ ហើយសមត្ថកិច្ចជំនាញ ក៏កំពុងបន្តសកម្មភាពយ៉ាងមសកម្មក្នុងការធ្វើតេស្ត ស្វែងរកអ្នកមានវិជ្ជមានកូវីដ-១៩ បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនៅក្នុងរោងចក្រខាងលើនេះ។ លោកបន្ថែមថា នៅក្នុងរោងចក្រ ស៊ូមិនេះ មានកម្មករ-កម្មការិនីប្រមាណជាង ២.០០០នាក់ ហើយពួកគាត់នាំគ្នាស្នាក់នៅក្នុងអគារជួល ចំនួន ២កន្លែងៈ នៅភូមិគល់ និងភូមិម្ជុលពេជ្រ ក្នុងសង្កាត់កំបូល។

2

ចំពោះអ្នកដែលរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញ បានបញ្ជូនពួកគាត់ទៅមណ្ឌលព្យាបាល ក្រៅពីនេះ សម្រាប់អ្នកដែលស្នាក់នៅក្នុងតំបន់នេះ គឺត្រូវធ្វើចត្តាឡីស័ក ដើម្បីឲ្យប្រាកដថា ពុំមានការចែកចាយបន្តទៅកាន់តំបន់ផ្សេងណាទៀតនោះ។ នៅក្នុងទីស្នាក់របស់កម្មករនេះ មិនមានច្រកចេញចូលច្រើននោះទេ ងាយស្រួលដល់អាជ្ញាធរធ្វើការ បិទខ្ទប់ ជាបណ្ដោះអាសន្នយ៉ាងមានប្រសិទ្ធភាព។ ហើយគ្រោងហៅអ្នកមានជាប់ពាក់ព័ន្ធជាមួយនឹងបងប្អូនកម្មករ-កម្មការិនី មកធ្វើសំណាក ដើម្បីឲ្យប្រាកដថាពុំមានអ្នកឆ្លង ឬចម្លងទៅកាន់អ្នកដទៃផ្សេងក្រៅពីបងប្អូនកម្មករ-កម្មការិនីដែលរស់នៅបណ្ដុំគ្នាក្នុងទីតាំងផ្ទះជួលខាងលើនេះទេ។

3

គួរបញ្ជាក់ផងដែរថា ជាការកត់សម្គាល់ ឃើញថា នេះក៏ជារលកថ្មីមួយ ដែលអាចនឹងបង្ករឱ្យមានបញ្ហាឆ្លង ក្នុងសហគមន៍ ប្រសិនបើមិនមានការគ្រប់គ្រងបានទាន់ពេលវេលា ពីសំណាក់អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ នៅក្នុងមូលដ្ឋានទាំងនេះ។ ការផ្ទុះនៅក្នុងតំបន់ទាំងនេះ ត្រូវបានគ្រប់គ្រងបានទាន់ពេលវេលា និងមានការគិតគូរ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

4

5

6