អភិបាលខេត្តកណ្ដាល សម្រេចហាមឃាត់ការលក់ និងពិសារគ្រឿងស្រវឹង បន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន

(កណ្តាល)៖ បន្តការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីជ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ នេះបើតាមសេចក្តីណែនាំរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន និង វិធានការរដ្ឋបាលផ្សេងទៀត ជាបន្តបន្ទាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សម្រេចដាក់ចេញគោលការណ៍ណែនាំបន្តទៀត ដើម្បីឈានទៅដល់ការកាត់ផ្តាច់ខ្សែចម្លង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដូចខាងក្រោម៖

១-គ្រប់ទីផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ជាពិសេស អនុវត្តតាមវិធានការ “៣ ការពារ-៣កុំ” របស់រាជរដ្ឋាភិបាលជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

២-ចំពោះភូមិសាស្ត្រក្រុងតាខ្មៅ ការប្រកបអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតអាជីវកម្មលក្ខណៈវេចខ្ចប់ ដោយបន្តផ្អាកទទួលអតិថិជនចូលទទួលទាននៅហ្នឹងកន្លែង សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

៣-រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។

៤-បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមនេះ នឹងត្រូវបានអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕

Photo_2021 05 20_14 17 53