សន្តិសុខកាស៊ីណូជីនប៉ីក្នុងខេត្តព្រះសីហនុ រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តស្វាយរៀង និងប្រវត្តិដំណើរ

(ស្វាយរៀង)៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពី ករណីរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថាៈ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ទើបវិលត្រលប់មកពីខេត្តព្រះសីហនុចូលក្នុងខេត្តស្វាយរៀង មានឈ្មោះ ពេជ តឿន ភេទប្រុស អាយុ ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានមុខរបរសន្តិសុខកាស៊ីណូជីនប៉ី នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលម៉ាក SIENNA ពណ៌ស មិនចាំស្លាកលេខនៅចំណតរថយន្តឯករាជ្យ រហូតមកដល់ស្រុកកំណើត ដោយមានអាការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ ទៅយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរហ័សនៅអតីតយានដ្ឋាន MR SO លទ្ធផលវិជ្ជមានកូវីដ-១៩។ ចំពោះអ្នកប៉ះពាល់ផ្ទាល់មានចំនួន ០២នាក់ (ស្រី ០១នាក់) រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត បានដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត សូមអំពាវនាវដល់បងប្អូនដែលបានធ្វើដំណើរតាមរថយន្តខាងលើនេះ គិតចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ សូមផ្តល់ព័ត៌មានទៅ

អាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក នៅតាមទីតាំងប៉ុស្តិ៍យកសំណាកដែលនៅជិតផ្ទះ ហើយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ។

នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤០៤នាក់ (ស្រី១៦៨នាក់) ករណីជាសះស្បើយចំនួន ៣៣១នាក់ (ស្រី ១៣៣នាក់) ករណីកំពុងសម្រាកព្យាបាលចំនួន ៦៧នាក់ (ស្រី ៣៣នាក់) និងករណីស្លាប់ចំនួន ០៥នាក់ (ស្រី ០២នាក់)៕

Doc_2021 05 20_13 01 38