រដ្ឋបាលរាជធានីភ្នំពេញ រឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ ចំពោះបុគ្គលល្មើសលើវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងលិខិតបទដ្ឋានគតិយុត្ត

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ កន្លងមក ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដូចជា កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, បម្រាមគោចរចន្លោះម៉ោង ២០ ដល់ម៉ោង ៣ ទៀបភ្លឺ, ផ្អាកការលក់គ្រឿងស្រវឹង, កំណត់ការលក់ដូរជាលក្ខណៈវេចខ្ចប់, ផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ និងផ្អាករាល់ការជួបជុំប្រមូលផ្តុំមនុស្សច្រើន ជាដើម។

ជាការកត់សម្គាល់ បងប្អូនប្រជាពលរដ្ឋភាគច្រើនលើសលប់ បានចូលរួមអនុវត្តវិធានការខាងលើទេ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែ ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច មិនបានយកចិត្តទុកដាក់ និងមានការធ្វេសប្រហែស ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលបន្តិច យុវជន-យុវនារីខ្លួន បានបំពានវិធានការ ផ្គើនបម្រាម នឹងមិនព្រមចូលរួមសហការឡើយ។

ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ជាគោលការណ៍អនុវត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់យន្តការផ្សព្វផ្សាយ និងការអប់រំ។ ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបានទាំងស្រុងនូវ “ព្រឹត្តិការណ៍សហគមន៏ ២០ កុម្ភៈ ២០២១” រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវជំរុញការអនុវត្តវិធានការនានា ឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈ ចំពោះបុគ្គលល្មើស ដែលបំពានវិធានការរបស់អាជ្ញាធរមូលដ្ឋាន ស្របតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ៕

Image_2021 05 19_20 11 29