ពលករមកពីប្រទេសថៃ ២នាក់ រកឃើញមានជំងឺកូវីដ-១៩នៅខេត្តស្វាយរៀង ហើយបានប៉ះពាល់មនុស្ស ៤៧នាក់

(ស្វាយរៀង)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ មេត្តាជ្រាបថាៈ នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤០៣នាក់ (ស្រី១៦៨នាក់) ករណីជាសះស្បើយចំនួន ៣២៩នាក់ (ស្រី ១៣២នាក់) ករណីកំពុងសម្រាកព្យាបាលចំនួន ៦៨នាក់ (ស្រី ៣៤នាក់) និងករណីស្លាប់ចំនួន ០៥នាក់ (ស្រី ០២នាក់)។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ (ស្រី ០១នាក់) លើអ្នកចំណាកស្រុកវិលចូលក្នុងខេត្តស្វាយរៀង រួមមាន៖

១-ស្ត្រីឈ្មោះ សូ សុខផាត អាយុ ៣២ឆ្នាំ មានស្រុកកំណើតភូមិអង្គ ឃុំត្រពាំងល្ពៅ ស្រុករមាសហែក ជាអ្នកចំណាកស្រុកទើបវិលត្រលប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរតាមរថយន្តដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ មកដល់ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ និងដាក់ខ្លួនដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត ស្រុករមាសហែក កន្លងមកធ្លាប់រួមដំណើរជាមួយស្ត្រីវិជ្ជមានកូវីដ-១៩ ឈ្មោះ ពៅ ផារី ក្រុមការងារបានយកវត្ថុវិភាគសំណាកលើកទី២ ដោយតេស្តរហ័សនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិជ្ជមានកូវីដ-១៩។ ចំពោះអ្នកប៉ះពាល់ពេលរួមដំណើរមានចំនួន ៣៦នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។

២-បុរសឈ្មោះ ខឹម សុផល អាយុ ៣៨ឆ្នាំ មានគ្រួសារនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ជាអ្នកចំណាកស្រុកទើបវិលត្រលប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានធ្វើដំណើរតាមរថយន្តដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ មកដល់ខេត្តស្វាយរៀង នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ និងដាក់ខ្លួនដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័កកម្រិត២ ថ្នាក់ខេត្ត ស្រុកស្វាយជ្រំ ហើយក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរហ័ស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លទ្ធផលវិជ្ជមានកូវីដ-១៩។ ចំពោះអ្នកប៉ះពាល់ពេលរួមដំណើរមានចំនួន ១១នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឱ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាព។

បច្ចុប្បន្នអ្នកជំងឺកូវីជ-១៩ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ចំនួន ០១នាក់និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន ០១នាក់៕

1

2