លោកជំទាវ ខុង លីស៊ីអាណា និងកូនប្រុសស្រី ព្រមទាំងឧកញ៉ា ឌួង ងៀប ចូលតុលាការ បំភ្លឺលើបណ្តឹងលែងលះ

(ភ្នំពេញ)៖ នៅព្រឹកមិញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ខុង លីស៊ីអាណា ដែលជាភរិយារបស់លោកឧកញ៉ា ឌួង ងៀប និងវត្តមានកូនប្រុសស្រី បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់តុលាការ ដើម្បីបំភ្លឺរឿងស្វាមីប្ដឹងលែងលះលោកស្រី ក្នុងនោះដែរ ក៏មានវត្តមានលោកឧកញ៉ា ឌួង ងៀប ចូលទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។

កាលពីថ្ងៃទី១៤ ឧសភា ២០២១ បើតាមលោកជំទាវ ខុង លីស៊ីអាណា បានធ្វើការផ្សាយផ្ទាល់ ដោយលោកស្រីបញ្ជាក់ថា មូលហេតុគឺឧកញ៉ា ឌួង ងៀប ត្រូវជាឪពុករៀបចំផែនការកម្ចាត់កូនខ្លួនឯង(ឌួង ឆាយ) ដោយសារគាត់ខឹងកូនប្រុស បានជួយណែនាំមេធាវីការពារក្តីផ្លូវច្បាប់ដល់លោកជំទាវ ខុង លីស៊ីអាណា ដើម្បីប្តឹងប្តីរឿងឯកពន្ធនភាព ដែលលួចមានស្រីសាហាយ រហូតឈានដល់មានកូនស្រីឥតខាន់ស្លា នឹងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារ ទៅធ្វើភូមិគ្រឹះ ២កន្លែង និងដីជាច្រើនកន្លែង ដែលបានកាត់ចេញពីប្លង់ក្រុមហ៊ុន ។

លោកជំទាវ បន្តថា តើសាកសមដែរទេ ដែលប្ដីលួចលាក់មានសហាយ នៅខាងក្រៅ រហូតមានកូន បែរជាមកឲ្យប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខពេញសិទ្ធិបែបនេះ? ប៉ុន្តែកូនប្រុសខ្ញុំ មិនបានជួយអ្វីលើសពីការណែនាំមេធាវីទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់មានការបកស្រាយយ៉ាងណាពីលោកឧកញ៉ា ឌួង ងៀប ដែលជាស្វាមីរបស់លោកស្រី ខុង លីស៊ីអាណា នៅឡើយនោះទេ៕

1

2

3