អភិបាលខេត្តកំពង់ស្ពឺ សម្រេចបន្តវិធានការរដ្ឋបាល រយៈពេល ៧ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីសម្រេច ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ប្រការ១៖ ត្រូវបានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានថិរវេលាអនុវត្តរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ប្រការ២៖ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពដូចខាងក្រោម៖

- ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ដែលបើកទទួលអតិថិជនចូលទទួលទានអាហារ ភេសជ្ជៈ នៅចន្លោះម៉ោង ២០ ដល់ម៉ោង ០៣ព្រឹក ប៉ុន្តែទីតាំងអាជីវកម្មទាំងនោះអាចលក់ជាលក្ខណៈ វេចខ្ចប់បាន

- ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារដែលបើកទទួលអតិថិជនចូលទទួលទានអាហារ មិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត

- គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ

- ផ្អាកការជួបជុំជាលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង

- រាល់ការធ្វើសកម្មភាពកីឡា ដែលមានលក្ខណៈជួបជុំ ឬ ការប្រមូលផ្តុំមនុស្សលើសពី ២នាក់។

ប្រការ៣៖ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ ដល់ម៉ោង ០៣ព្រឹក លើកលែងតែចំពោះករណីដូចខាងក្រោម ៖

- ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

- ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានការសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

- ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត

- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីសម្រេច ដូចខាងក្រោម៖

A (1)

A (2)