អាជ្ញាធរខេត្តឧត្តរមានជ័យ កោះហៅម្ចាស់ហាងក្លាស៊ិក មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ក្រោយពីបានល្មើសបម្រាមរបស់រដ្ឋបាលខេត្ត

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីករណីម្ចាស់ហាងក្លាស៊ិក បើកអាជីវកម្មល្មើសបំរាមការណែនាំរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅសាលប្រជុំធំសាលាស្រុកអន្លង់វែង ។

1

បន្ទាប់ពីបានពិភាក្សាគ្នាមក អង្គប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖

១-ម្ចាស់ហាងក្លាស៊ិក ធ្វើកិច្ចសន្យាគោរពតាមការកំណត់របស់ច្បាប់ និងការណែនាំរបស់រដ្ឋបាលខេត្ត ករណីលើកក្រោយទៀតនឹងទទួលខុសត្រូវចំពោះមុខច្បាប់

២-អាជ្ញាធរស្រុក ត្រូវអនុវត្តគ្រប់ម្ចាស់អាជីវកម្មទាំងអស់មិនលើកលែងហាងណាមួយនោះទេ។ គ្រប់ហាងទាំងអស់ត្រូវអនុវត្តតាមការកំណត់របស់ច្បាប់ និងការណែនាំរបស់អាជ្ញាធរ ករណីមិនអនុវត្តតាមត្រូវបិទហាង

៣-អាជ្ញាធរស្រុកអន្លង់វែង ត្រូវចុះអនុវត្ត និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់ខេត្តដែលដាក់ចេញ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ក្នុងមូលដ្ឋានរបស់ខ្លួន។

2

ព្រមជាមួយគ្នានេះ ឯកឧត្ដម ក៏បានសង្កត់ធ្ងន់ថា គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវតែអនុវត្តតាមការកំណត់របស់ច្បាប់ និងការណែនាំរបស់អាជ្ញាធរ ករណីមិនអនុវត្តតាមនោះទេ ត្រូវបិទហាងលែងឱ្យដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀត។

3

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានក្រើនរំលឹកដល់អាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវចាត់វិធានការឱ្យបានហ្មត់ចត់ ដោយការចុះអនុវត្ត អប់រំ ណែនាំឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ព្រោះថាបច្ចុប្បន្នជម្ងឺកូវីដ-១៩នេះ នៅតែបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក រួមទាំងប្រទេសយើងផងដែរ ដូច្នេះត្រូវគោរពប្រតិបត្តិឱ្យខាងតែបាន នូវវិធានការ ៣កុំ និង ៣ការពារ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

4

5