អភិបាលខេត្តកណ្តាល កំណត់អត្តសញ្ញាណគ្រួសារក្រុមគោលដៅ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងក្រុងតាខ្មៅ ដើម្បីទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល

(កណ្តាល)៖ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាលការកំណត់អត្តសញ្ញាណគ្រួសារក្រុមគោលដៅ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងក្រុងតាខ្មៅ ដែលរៀបចំដោយមន្ទីរផែនការខេត្ត ក្រោមការគាំទ្របច្ចេកទេសពីក្រុមការងារក្រសួងផែនការ តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom Meeting)។

1

ខេត្តកណ្តាល មានក្រុងតាខ្មៅ ទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល តាមរយៈជំនួយសង្គមជួយឧបត្ថម្ភប្រជាពលរដ្ឋដែលមានជីវភាពទាប និងប្រជាពលរដ្ឋក្រីក្រជាក់ស្តែង។ ហេតុដូច្នេះ សូមឱ្យភាគីពាក់ព័ន្ធទាំងអស់ដែលអនុវត្តការងារនេះ រួមមានក្រុមការងារក្រុងតាខ្មៅ សង្កាត់ទាំង១០ របស់ក្រុងតាខ្មៅ អាជ្ញាធរថ្នាក់ភូមិ មន្ទីរផែនការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ គឺត្រូវធ្វើការនេះឱ្យបានម៉ត់ចត់ និងតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

2

ដើម្បីឱ្យការអនុវត្តការងារនេះប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធិភាព ខ្ញុំសូមធ្វើការណែនាំនូវចំណុចសំខាន់ៗមួយចំនួនដែលត្រូវយកទៅអនុវត្តដូចខាងក្រោម៖

១-ក្នុងករណីតំបន់មួយចំនួនដែលមិនទាន់អាចចុះទៅអនុវត្តបានផ្ទាល់នាពេលនេះ ដោយសារការបិទខ្ទប់ ឬជាតំបន់មានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សូមមន្រ្តីដែលត្រូវស្រង់ស្ថិតិ សូមធ្វើការតាមរយៈអនឡាញ ឬទូរស័ព្ទ។

២-ការចុះប្រមូលព័ត៌មានរៀបចំបញ្ជីគ្រួសារក្រុមគោលដៅ ដែលត្រូវជ្រើសរើសសម្រាប់សម្ភាសន៍ត្រូវរៀបចំដោយមេភូមិ ឬអនុប្រធានភូមិ រួចបញ្ជូនបញ្ជីនេះ ទៅសង្កាត់ ដើម្បីពិនិត្យមើលបញ្ជីរបស់ភូមិនីមួយៗដោយសម្រេចបញ្ចូលឈ្មោះគ្រួសារ ឬដកឈ្មោះគ្រួសារដែលសង្ស័យមានភាពមិនប្រក្រតី ហើយអនុម័តចំនួនគ្រួសារដែលត្រូវសម្ភាសន៍តាមភូមិនីមួយៗ។

3

៣-លក្ខណៈវិនិច្ឆ័យគ្រួសារក្រុមគោលដៅដើម្បីបញ្ជូលក្នុងបញ្ជីរួមមាន៖ គ្រួសារដែលបាត់បង់ ចំណូល ឬការងាររងផលប៉ះពាល់ដោយសារការបិទខ្ទប់ ដែលមានមុខរបរដូចជា៖

-អ្នកបើកបរយាន្តយន្តឈ្នួល (ម៉ូតឌុប ម៉ូតូកង់៣ រ៉ឺម៉កដឹកមនុស្ស pass app ឡានតាក់ស៊ី)

-កម្មករសំណង់

-អ្នកលក់ដូរតាមផ្លូវ អ្នកលក់ដូរកញ្ច្រែង ល្អី តាមផ្សារ

-អ្នកបម្រើការអនាម័យតាមផ្លូវសាធារណៈ(អ្នកបោសសំរាមតាមផ្លូវ អ្នករើសអេតចាយ)

-អ្នកធ្វើការផ្នែកសេវាកម្សាន្ត

-គ្រួសារដែលមានសមាជិកវិជ្ជមានជំងឺកូវីដ-១៩ មិនមានស្បៀងអាហារ សម្ភារបរិក្ខារចាំបាច់ ឬការព្យាបាលសុខភាព ក្នុងអំឡុងពេលបិទខ្ទប់

-គ្រួសារដែលមានក្រុមជនងាយរងគ្រោះ (មេគ្រួសារជាស្ត្រី ឬជនមានពិការភាព ឬគ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍)។

-ក្នុងការសម្ភាសន៍ សង្កាត់ត្រូវប្រើប្រាស់រចនាសម្ព័ន្ធដែលមានស្រាប់ គឺមន្ត្រីដែលកំពុងអនុវត្តការកំណត់អត្តសញ្ញាណកម្មគ្រួសាក្រីក្រតាមការស្នើសុំ ក្នុងករណីដែលមានគ្រួសារដែលត្រូវសម្ភាសន៍ច្រើន សង្កាត់ អាចជ្រើសរើសអ្នកសម្ភាសន៍បន្ថែមដូចជា ក្រុមការងារយុវជន ស.ស.យ.ក ...។

-ការសម្ភាសន៍ មន្ត្រីសម្ភាសន៍ត្រូវសហការជាមួយមេភូមិ ដើម្បីរៀបចំការសម្ភាសន៍នៅតាមលំនៅដ្ឋានរបស់គ្រួសារ ដោយត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។ ករណីដែលមិនអាចចុះសម្ភាសន៍ផ្ទាល់ទៅដល់លំនៅដ្ឋាន ឬទីសំណាក់របស់គ្រួសារផ្ទាល់(ក្នុងតំបន់ក្រហម) ការសម្ភាសន៍អាចប្រើតាមទូរស័ព្ទ ដើម្បីសម្ភាសន៍គ្រួសារទាំងនោះ។

-ស្នើលោក លោកស្រី មេភូមិ ចៅសង្កាត់ ពិនិត្យឲ្យបានច្បាស់លាស់ពីស្ថានភាពគ្រួសារនីមួយៗទៅលើលំនៅដ្ឋាន មុខរបរ ភាពងាយរងគ្រោះ ជាដើម មុននិងសម្រេចយកមកសម្ភាសន៍ ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

-មន្រ្តីសម្ភាសន៍ ត្រូវយកចិត្តទុកដាក់ ក្នុងការស្តាប់ការបង្ហាញរបស់អ្នកសម្របសម្រួលដើម្បីឲ្យយល់ច្បាស់ពីវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យ ដែលអាចយកជាការបាន។

ដោយឡែក គ្រួសារដែលមិនត្រូវរាប់បញ្ជូលក្នុងយុទ្ធនាការនេះ គឺគ្រួសារដែលកំពុងកាន់បណ្ណសមធម៌ក្រ១ និងក្រ២ ដែលមានសុពលភាព កម្មកររោងចក្រកាត់ដេរ ឬរោងចក្រដទៃផ្សេងទៀតដែល បានចុះបញ្ជីនៅក្នុង ប.ស.ស៕

4

ប្រភពពីៈ ឯកឧត្តមអភិបាលខេត្តកណ្តាល