ជាករណីទី៣! អាជ្ញាធរខេត្តស្ទឹងត្រែង រកឃើញមានវិជ្ជមានកូវីដ-១៩ ១នាក់ មកពីខេត្តកណ្តាល និងប្រវត្តិប៉ះពាល់

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថាៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការជូនដំណឹង និងការប្រមូលព័ត៌មានក្នុងមូលដ្ឋាន ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍តេស្តរហ័ស (Abbott PanbioTM COVID-19 Ag) ក្នុងនោះបានរកឃើញករណីវិជ្ជមាន ប្រជាពលរដ្ឋចំនួន ០១នាក់ ជាករណីទី៣ ក្នុងខេត្តស្ទឹងត្រែង លើយុវជនឈ្មោះ ជាង ស៊ី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងករណីវិជ្ជមានចំនួន ៥នាក់ ក្នុងគ្រួសារមួយនៅ ភូមិព្រែកតារភ្នំ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ សាមីខ្លួនបានធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំ ខេត្តកណ្តាល មកកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

-ឈ្មោះ ជាង ស៊ី ខាងលើនេះ បានចុះនៅចំណតរថយន្តមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រួចបន្តដំណើរទៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីទៅជួយធ្វើចម្ការឪពុកមា ឈ្មោះ អ៊ុន សំអុល ភេទប្រុស អាយុ ៥៣ឆ្នាំ។ អ្នកពាក់ព័ន្ធនៅក្នុងមូលដ្ឋានផ្ទាល់ ០៤នាក់ បានធ្វើតេស្តរហ័ស ជាលទ្ធផលអវិជ្ជមានទាំងអស់ បច្ចុប្បន្នបានដាក់ឲ្យសម្រាកនៅមណ្ឌលចត្តាឡីស័កកម្រិតស្រាល “ស្រឡៅ” ស្រុកថាឡាបរិវ៉ាត់។

អ្នកជំងឺខាងលើនេះ បានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្ត រួមនឹងអ្នកជំងឺកំពុងព្យាបាល ២នាក់ទៀត ដោយយកចិត្តទុកដាក់។

អ្នករួមដំណើរក្នុងរថយន្តដឹកបន្លែនោះមាន ៥នាក់ បានចុះនៅទីរួមខេត្តក្រចេះ ១នាក់ និងនៅទីរួមខេត្តស្ទឹងត្រែង ២នាក់ ព្រមទាំងតៃកុងឡាន ១នាក់ ព្រូឡាន ១នាក់ នៅពុំទាន់កំណត់អត្តសញ្ញាណបាន ក្រុមការងារកំពុងបន្តទំនាក់ទំនងស្រាវជ្រាវរក។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវដល់អ្នកសង្ស័យ និងមានការពាក់ព័ន្ធនឹងករណីនេះ ទំនាក់ទំនងមកក្រុមការងារឆ្លើយតបបន្ទាន់ តាមរយៈលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បីអនុវត្តវិធានការឆ្លើយតបសភាពការណ៍បានទាន់ពេលវេលា។

Photo_2021 05 18_15 57 03