អាល់កុលក្លែងក្លាយចំនួន ១៨៣កាន ស្មើនឹង ៥,៤៩០លីត្រ ត្រូវបានមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បង្ក្រាបក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ អនុវត្តតាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ពាក់ព័ន្ធនឹងការចរាចរអាល់កុលក្លែងក្លាយក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

1

2

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាមន្ត្រីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ បានបើកការស្រាវជ្រាវ និងស៊ើបអង្កេត (Market Intelligence) តាមរយៈរូបភាពការបញ្ជាទិញអាល់កុលដែលដាក់លក់លើបណ្តាញសង្គម Facebook យកមកធ្វើតេស្តនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសាធាតុមេតាណុល ដែលក្លែងបន្លំជាអាល់កុល ដើម្បីកំណត់អត្តសញ្ញាណ និងឈានដល់ការបង្ក្រាប។ ជាក់ស្តែងទីតាំងលក់អាល់កុល Online មួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានមន្ត្រី នៃអគ្គនាយកដ្ឋានក.ប.ប. ស្នើសុំគោលការណ៍ឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំយករថយន្តមន្ទីរពិសោធន៍ចល័តវិភាគនៅនឹងកន្លែង ដោយសហការជាមួយអាជ្ញាធរខណ្ឌដង្កោផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះបង្ក្រាបនៅទីតាំងខាងលើ និងបានធ្វើតេស្តតាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានក.ប.ប. បានរកឃើញវត្តមានអាល់កុលក្លែងក្លាយ ឬសារធាតុមេតាណុល បានចំនួន ១៨៣កាន ស្មើនឹង ៥,៤៩០លីត្រ ត្រូវបានរឹបអូស និងចាត់ចែងបន្តតាមនីតិវិធីច្បាប់។

3

4

សូមរំលឹកផងដែរថា កំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ "សហគមន៍២០កុម្ភៈ" អាល់កុលក្លែងក្លាយ ចំនួន ៤០,៦២៥គីឡូក្រាម ប្រមាណជាង៤០តោន ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្រ្កាបជាបន្តបន្ទាប់តាមបណ្តារាជធានី ខេត្តមួយចំនួន។

5

6

អគ្គនាយកដ្ឋាន ក.ប.ប. ជាថ្មីម្តងទៀត សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង។

7

8

9

10

11

12

ប្រភពពីៈ អគ្គនាយកដ្ឋាន ក.ប.ប.