បុគ្គលិកកាស៊ីណូហ្គេនត្រាហ្គនប្រមាណជា ២៦០០នាក់ ធ្វើតេស្តសំណាក ក្រោយពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩

(កណ្តាល)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ លោក អេង សុវិចត្រ អភិបាលនៃគណ:អភិបាលស្រុក អមដំណើរដោយលោក គឹម ចាន់បញ្ញា អភិបាលរងស្រុក និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការធ្វើតេស្តសំណាកបុគ្គលិកនៃកាស៊ីណូហ្គេនត្រាហ្គន (Grand Dragon Casino) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

1

ក្រោយពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំពោះបុគ្គលិកនៅក្នុងកាស៊ីណូហ្គេនត្រាហ្គន រដ្ឋបាលស្រុកកោះធំ បានកំណត់គោលដៅអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល និងបានធ្វើការបែងចែកអ្នកទាំងនោះឲ្យនៅដាច់ដោយឡែក និងណែនាំឲ្យពិនិត្យតាមដានសុខភាព និងត្រូវអនុវត្តវិធានសុខាភិបាល សម្រាប់អ្នកនៅក្នុងបរិវេននៃកាស៊ីណូ។ ទន្ទឹមនឹងនោះ រដ្ឋបាលស្រុក ក៏បានបែងចែកកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ធ្វើការចុះចល័តត្រួតពិនិត្យ និងប្រចាំការតាមគោលដៅខាងក្រៅបរិវេនកាស៊ីណូ ដើម្បីបិទខ្ទប់ការចម្លងមេរោគចេញទៅមជ្ឈដ្ឋានខាងក្រៅជាបណ្តោះអាសន្ន។

2

ផ្អែកតាមកិច្ចប្រជុំកំណត់ផែនការការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលបន្ទុកស្រុកស្អាង និងស្រុកកោះធំ នៃគណៈកម្មការខេត្ត ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចាត់បញ្ជូនក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក ចុះពិនិត្យធ្វើតេស្តសំណាកបុគ្គលិកទាំងអស់នៃកាស៊ីណូហ្គេនត្រាហ្គន សរុបប្រមាណ២,៦០០នាក់។

3

សូមបញ្ជាក់ផងដែរថា ករណីវិជ្ជមានកូវីដ-១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ គឺផ្ទុះឡើងតែនៅក្នុងកាស៊ីណូតែប៉ុណ្ណោះ និងស្ថិតក្រោមការគ្រប់គ្រង និងតាមដានត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ច ពិសេសអ្នកវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលថែទាំ និងព្យាបាលជ្រៃធំ៕

4

5

ប្រភពពីៈ រដ្ឋបាលស្រុកកោះធំ