អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ និងប្រវត្តិប៉ះពាល់

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធ “ភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ” ឱ្យបានជ្រាបថាៈ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) ខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចំនួន ១នាក់បន្ថែមទៀត ឈ្មោះ ឡាយ សារ៉ុម ភេទស្រី អាយុ៤៨ឆ្នាំ មានអាសយដ្ឋាននៅភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រវត្តិនៃការប៉ះពាល់៖ ឈ្មោះ ឡាយ សារ៉ុម ពាក់ព័ន្ធកូនធ្វើការនៅរោងចក្រឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មកលេងផ្ទះ កាលពី២សប្តាហ៍មុន និងបានប៉ះពាល់ជាមួយក្រុមគ្រួសារចំនួន ៤នាក់។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ គាត់បានធ្វើដំណើរមកដាក់ពាក្យចូលធ្វើការនៅរោងចក្រ M&V (សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង)។ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានធ្វើតេស្តសំណាកជាលទ្ធផលវិជ្ជមាន និងបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ការពារ និង៣កុំ”។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយឈ្មោះ ឡាយ សារ៉ុម ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕

Image_2021 05 18_13 39 30