ករណីទី២! ស្ត្រីម្នាក់ជិះឡានឈ្នួលពីភ្នំពេញ ទៅខេត្តស្ទឹងត្រែង រកឃើញមានវិជ្ជមានកូវីដ-១៩

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍តេស្តរហ័ស (Abbott PanbioTM COVID-19 Ag) បានរកឃើញវិជ្ជមានមួយករណីលើប្រជាពលរដ្ឋ ចំនួន ១នាក់ ជាករណីទី២ ក្នុងខេត្តស្ទឹងត្រែង លើស្ត្រីឈ្មោះ គឹម ឆវី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋាននៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានធ្វើដំណើរពីភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកកាន់ខេត្តស្ទឹងត្រែង តាមរថយន្តដឹកអ្នកដំណើរភ្នំពេញ-ស្ទឹងត្រែង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅគោលដៅព្រំប្រទល់ ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ(ចំណុចអូរច្រឡង់) ធ្វើការពិនិត្យសុខភាព និងធ្វើតេស្តរហ័សវិភាគរកជំងឺកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺ បានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

អ្នករួមដំណើរជាមួយក្នុងរថយន្តដឹកអ្នកដំណើរនោះ មានចំនួន ១២នាក់ រួមទាំងអ្នកបើកបរ បានយកសំណាកធ្វើតេស្តរហ័សវិភាគរកជំងឺកូវីដ-១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់ បច្ចុប្បន្នបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិតស្រាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីតាមដានសុខភាពបន្ត និងធ្វើតេស្តសំណាកវិភាគរកជំងឺកូវីដ-១៩ តាមបទដ្ឋានបច្ចេកទេសសុខាភិបាល។

ក្នុងអំឡុងពេលនៃការធ្វើដំណើរ រថយន្តដឹកអ្នកដំណើរនេះ បានឈប់ចតនៅចំណុចភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយមានអ្នកដំណើរ ១នាក់ បានចុះនៅទីតាំងនោះ។ ក្រុមការងារ ជំនាញកំពុងធ្វើការទំនាក់ទំនងសាមីខ្លួន ដើម្បីមកពិនិត្យស្ថានភាពសុខភាព និងយកសំណាកវិភាគ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវដល់សាធារណជនទាំងអស់ ដែលសង្ស័យមានការពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ សូមជូនដំណឹងមកក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត តាមលេខទូរស័ព្ទ 088 877 8000 ឬ 017 788 000 ដើម្បីពិនិត្យ និងអនុវត្តវិធានការទាន់ពេលវេលា៕

1