កម្មការិនីម្នាក់ នៅខេត្តកណ្តាល រកឃើញមានវិជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង និងប្រវត្តិប៉ះពាល់

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធ “ភូមិអណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ” ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត ដែលមានឈ្មោះ ជុំ ពន្លឺ ភេទស្រី អាយុ ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រញូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង និង

ធ្វើការជាកម្មករនៅរោងចក្រ ហូលីវែល ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រវត្តិនៃការប៉ះពាល់៖ ឈ្មោះ ជុំ ពន្លឺ មានប្ដីជាកម្មករដូចគ្នា។ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ គាត់បានធ្វើតេស្តនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់មកនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរមកស្រុកកំណើតខាងប្តី នៅភូមិអណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ដែលមានការពាក់ព័ន្ធនឹងគ្រួសារឪពុកម្តាយក្មេក និងអ្នកជិតខាងចំនួន ០៩នាក់។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលព័ត៌មាន លទ្ធផលវិជ្ជមានពីខេត្តកណ្តាល ក្រុមការងារបានស្រាវជ្រាវរកឃើញបុគ្គលខាងលើ និងដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច៕

Image_2021 05 17_20 08 47