ដំណឹងល្អសម្រាប់ Youtuber ទាំងអស់គ្នា! ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសព័ត៌មានថា នាពេលថ្មីៗកន្លងទៅនេះ យូធូប (YouTube) បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ ទៀត ដែលធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។

បន្ទាប់ពីបានទាក់ទងតំណាង YouTube ដើម្បីធ្វើការបំភ្លឺ និងជំរុញឱ្យមានដំណោះស្រាយឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាប ដូចខាងក្រោម៖

១-YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថា ក្រុមហ៊ុនកំពុងតែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។

1200px Logo_of_YouTube_(2015 2017).svg

២-ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន “កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន “កម្មវិធីភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះ ត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍ និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។

៣-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឱ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស៕

Photo_2021 05 17_18 35 45