គ្រាន់តែម្នាក់ បិទ ១៦ទីតាំង! អាជ្ញាធរ បង្ហាញទីតាំងដែលបុគ្គលិកក្រុមហ៊ុនម្នាក់ ចូលទៅភូមិសាស្ត្រខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជន ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force។

ជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការស្រាវជ្រាវរបស់រដ្ឋបាលខេត្តប៉ៃលិនបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ធ្លាប់បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង រួមមានអាជីវកម្មដ្ឋានជួសជុល និងលក់សំបកកង់រថយន្តមួយចំនួនក្នុងខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុង អង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្ន ទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ចំនួន១៦ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដូចមានក្នុងបញ្ជីជូនភ្ជាប់ ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានចេញ-ចូលទីតាំង ផ្ទះ អាជីវកម្មដ្ឋាន ដូចមានក្នុងបញ្ជីជូនភ្ជាប់ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

1

2

3