ជាករណីទី៨! អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ០១នាក់ទៀត និងប្រវត្តិដំណើរ

(រតនគិរី)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូន ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរី ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ មានឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ ៦១ឆ្នាំ ជាប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ នៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី បានធ្វើដំណើរទៅទទួលយកថ្នាំព្យាបាលជំងឺបេះដូង នៅគ្លីនិកឯកជនឈ្មោះ កែប ចិន ស្ថិតនៅព្រែកក្តាមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រួចហើយ ត្រឡប់មកសម្រាកនៅផ្ទះរបស់គាត់មួយកន្លែងផ្សេងទៀត ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ បុគ្គលរូបនេះ បានចេញដំណើរពីផ្ទះរបស់គាត់ នៅសង្កាត់ច្រាំងចំណេះ២ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់លំនៅដ្ឋាននៅភូមិជ្រៀក ឃុំលុងយុង ស្រុកបរកែវ ខេត្តរតនគិរីវិញ តាមមធ្យោបាយរថយន្តឈ្នួលដែលបើកបរដោយឈ្មោះ ស វុទ្ធី (ហៅកុយ) បានធ្វើដំណើរហូតមកឈប់សម្រាកទទួលទានអាហារនៅអាហារដ្ឋានម្តុំស្តាំដៃរង្វង់មូលប្រធាតុ ស្របផ្លូវជាតិលេខ៨ ខេត្តត្បូងឃ្មុំ ប្រហែលម៉ោង ១០.៣០នាទីព្រឹក រួចហើយបានបន្តដំណើរមកដល់ទីប្រជុំជនអូរពងមាន់ ក៏បានឈប់ទិញកាហ្វេនៅអាហារដ្ឋាន អូរពងមាន់២ ខេត្តស្ទឹងត្រែង រួចក៏បន្តដំណើរមកដល់ព្រំប្រទល់ខេត្តរតនគិរី -ខេត្តស្ទឹងត្រែង នៅចំណុចស្ពានស្រែពក ឃុំស្រែអង ស្រុកកូនមុំ ខេត្តរតនគិរី នៅវេលាម៉ោង ២រសៀល នាថ្ងៃខែឆ្នាំដដែល ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះយកវត្ថុសំណាក ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកឃើញវិជ្ជមានកូវីដ-១៩ ម្នាក់ ឈ្មោះ នាង ម៉ាត់។

សូមបញ្ជាក់ថាៈ អ្នករួមដំណើរជាមួយអ្នកវិជ្ជមានខាងលើសរុបចំនួន ០៨នាក់ ក៏ត្រូវបានយកវត្ថុសំណាកដោយឧបករណ៍តេស្តរហ័ស ជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន អ្នកវិជ្ជមាន រួមជាមួយអ្នកដំណើរពាក់ព័ន្ធត្រូវបានយកទៅព្យាបាល និងដាក់ចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនសាធារណជន ដែលមានការប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីសង្ស័យ សូមរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីអនុវត្តតាមវិធានសុខាភិបាល៕

1