នាយករដ្ឋមន្រ្ដីថៃ និងស្ថាប័នCCSA ត្រូវបានក្រុមគ្រួសាររបស់ជនរងគ្រោះដែលស្លា.ប់ដោយជំងឺកូវីដ-១៩ ប្ដឹង ឲ្យសងជំ.ងឺចិត្តរាប់លានបាត

ថៃ៖ ម្ដាយរបស់យុវជនល្បីឈ្មោះម្នាក់ ដែលបានស្លាប់ដោយសារកូវីដ-១៩ កើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការ ប្ដឹងលោកនាយករដ្ឋមន្រ្ដីថៃ និងស្ថាប័ន CCSA ទាមទារសំណងជំងឺចិត្ត ចំនួន៤,៥៣លានបាត (លុយថៃ) ឬប្រហែល ១៤៤,៤៦៩$។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

2

ស្រ្ដីជាម្ដាយរបស់យុវជនឈ្មោះ Kulsub Watthanaphol ជាមនុស្សល្បីឈ្មោះ នៅក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិករបស់ប្រទេសថៃ បានដាក់ពាក្យបណ្តឹង ទៅស្ថាប័នតុលាការថៃ ដើម្បីទាមទារ សំណងចំនួន ៤,៥៣លានបាត សម្រាប់ការស្លាប់កូនប្រុសរបស់គាត់ ដោយសារការមិនបានព្យាបាលឲ្យត្រឹមត្រូវ នាពេលនោះ។ យុវជន Kulsub បានស្លាប់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅក្នុងអំឡុងពេលការរីករាលដាល នៃរលកកូវីដ-១៩។

1

លោក Kulchet ត្រូវជាបងប្រុសរបស់ Kulsub បានបញ្ជាក់ថា នៅពេលប្អូនប្រុសរបស់គាត់បានកើតរោគសញ្ញា ដូចកូវីដ-១៩ បានចុចទូរស័ព្ទហៅទៅលេខទូរស័ព្ទរបស់ CCSA ប៉ុន្ដែទូរស័ព្ទទាំងនោះរវល់រហូត។ ការធ្វេសប្រហែសរបស់ CCSA ដែលក្រុមគ្រួសាររបស់គាត់កំពុងប្តឹង ក៏ជាអ្វីដែលជំរុញឱ្យមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ នៅឯកន្លែង Thong Lor កាលពីចុងខែមីនា ឆ្នាំ២០២១។ លោកបានបន្តថា ដូច្នេះភ្នាក់ងារទាំងអស់ ត្រូវតែបង់ប្រាក់ សម្រាប់ការខូចខាតដែលបានកើតឡើង ចំពោះគ្រួសាររបស់លោក។

3

ការទាមទារសំណង៤,៥៣លានបាតនេះដែរ ដោយផ្អែកទៅលើលុយ ដែល Kulsub បានផ្ញើទៅឲ្យម្ដាយរបស់គេ ក្នុង១ខែ ចំនួន ១៥០០០បាត ឬស្មើនឹង ៤៧៨$។ ចាប់តាំងពីគេស្លាប់មក ម្ដាយរបស់គេបានបង់ចំណូលចំនួន ៤,៥លានបាត ហើយថែមទាំងចំណាយលើការធ្វើបុណ្យ រហូតដល់ ៣ម៉ឺនបាត ឬប្រហែល ៩៥៦$។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្ដីថៃ និង CCSA មិនទាន់បានឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់ស្រ្ដីខាងលើនេះ នៅឡើយ៕