មេខ្យល់ដែលនាំពលករខែ្មរចំនួន ១៩នាក់ ទៅប្រទេសថៃ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួន

(សៀមរាប)៖ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួ.ញដូ.រ មនុស្ស និងការពារអ.នី.តិ.ជន នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោ.ទប្រកាន់ បុរសម្នាក់ឈ្មោះ រិន រ៉ា អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង ខណៈដែលបុរសរូបនេះ ជាប់ស.ង្ស័យជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃដោយខុសច្បា.ប់ ដែលប្រព្រឹត្តទៅកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចម្ដុំច្រករបៀងក្បែរអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ។

1

លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋចំនួន ១៩នាក់ បានធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលការពារព្រំដែន និងទាហានការពារព្រំដែន ខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន ហើយក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រជាពលរដ្ឋទាំងអស់នេះ ត្រូវបានបញ្ជូនត្រឡប់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប ប៉ុន្តែដោយមានការសង្ស័យថា មានមេខ្យល់នាំឆ្លងដែនខុសច្បាប់ លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានស្នើសុំគោលការណ៍ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការស្រាវជ្រាវដោយជួបសម្ភាសន៍ផ្ទាល់ជាមួយពលករទាំង ១៩នាក់ នៅមណ្ឌលចត្តាឡីស័ក ឈានដល់កំណត់បានជនសង្ស័យជាមុខសញ្ញានាំឆ្លងដែនដោយខុសច្បាប់ ដែលមានឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

ក្នុងចំណោមប្រជាពលរដ្ឋទាំង១៩នាក់ មាន ១០នាក់ ត្រូវបានឈ្មោះ រិន រ៉ា នាំពួកគាត់ឆ្លងដែនចូលទៅធ្វើការនៅក្នុងទឹកដីប្រទេសថៃ ដោយក្នុងម្នាក់ៗត្រូវបង់លុយចំនួន ៤១០០បាត សម្រាប់ការនាំចូលទៅដល់កន្លែងធ្វើការមួយ ក្នុងចម្ការម្នាស់ក្នុងប្រទេសថៃ និងត្រូវចំណាយលុយថ្លៃរថយន្តពីផ្ទះដល់ព្រំដែនរៀងខ្លួនៗផងដែរ។

2

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានឲ្យដឹងថា អនុវត្តតាមបទបញ្ជា និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការររឹតបន្តឹងនៅតាមច្រកព្រំដែន ដូចជាការនាំចេញនាំចូលពលករទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងដំណាក់កាលដែលប្រទេសជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ គណៈអភិបាលខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្តសៀមរាប និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តែងតែបានធ្វើការណែនាំនិងចង្អុលបង្ហាញដល់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និង ការបង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់។ យើងសម្រចបានជាច្រើនករណី និង បញ្ជូនជនជាប់សង្ស័យជាមេខ្យល់ត្រូវតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

3

4

សូមបញ្ជាក់ថា នេះជាករណីលើកទី២ សម្រាប់ឆ្នាំ២០២១នេះ ដែលសម្រេចបានក្នុងការងារគ្រប់គ្រង ស្រាវជ្រាវ និង បង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ខណៈឆ្នាំ២០២០ សម្រេចបានចំនួន០៧ករណី៕

5