អ្នកធ្វើការនៅការ៉ាសរថយន្ត LS 888 រាជធានីភ្នំពេញ និងស្ត្រីម្នាក់ មកពីតំបន់ក្រហម ត្រូវបានរកឃើញមានជំងឺកូវីដ-១៩ នៅខេត្តប៉ៃលិន

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ គឺ៖ ១-ឈ្មោះ សុខ ឆេងហុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ បម្រើការនៅការ៉ាស់រថយន្តLS 888 រាជធានីភ្នំពេញ (នៅផ្លូវ២០០៤ ហៅផ្លូវម៉ៃដា) និង២-ឈ្មោះ ប៊ុន ទាវ ភេទស្រី ជនជាតិ ខ្មែរ មានមុខរបរ មេផ្ទះ មកពីក្រុងតាខ្មៅ ខេត្តកណ្តាល

ប្រវត្តិនៃការធ្វើដំណើររបស់អ្នកជំងឺទាំង២នាក់ ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ អ្នកទាំង២នាក់រួមនឹងមនុស្សចំនួន ០២នាក់ (តៃកុង និងភ្ញៀវ) បានចេញដំណើរពីរាជធានីភ្នំពេញ មកភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយបានឈប់ពិសាអាហារនៅហួសក្រុងពោធិ៍សាត់ (មិនចាំឈ្មោះហាង) បន្ទាប់មកបានឈប់ចាក់ហ្គាសចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីកន្លែងហាងអាហារ។ ពេលពួកគាត់មកដល់ចំណុចព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តប៉ៃលិន ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពអូរសួស្តី បានធ្វើតេស្តរហ័សលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩។ ដោយសារពួកគាត់ធ្វើដំណើរចេញពីតំបន់ក្រហម អាជ្ញាធរខេត្តប៉ៃលិន បានតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅគេហដ្ឋាន នៅបន្ទប់ដាច់ដោយឡែក។ លុះដល់ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ជាថ្ងៃកំណត់ត្រូវយកសំណាកលើកទី២ លទ្ធផលវិជ្ជមានកូវីដ-១៩។

អ្នកប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ មានអ្នកបើកបររថយន្តតាក់ស៊ី និងអ្នករួមដំណើរម្នាក់ទៀត ដែលជិះរថយន្តតាក់ស៊ីជាមួយគ្នា និងក្រុមគ្រួសារចំនួន ១៤នាក់ ដែលរស់នៅដោយប្រយោលជាមួយអ្នកទាំងពីរ បានធ្វើតេស្តលទ្ធផលអវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យ

ទាក់ទងជាមួយអ្នកទាំងពីរនាក់ខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)៕

111