តារាកំប្លែងជើងចាស់ យាយ សំណាង ពេលនេះមានជំងឺកូវីដ-១៩ សំខាន់គាត់ចាស់ទ្រុឌទ្រោមទៀត (មានវីដេអូ)

(ភ្នំពេញ)៖ នៅមុននេះបន្តិច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តារាចម្រៀង លោក វណ្ណា ស័ក្ត ដែលត្រូវជាកូនបង្កើតរបស់តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង បានបង្ហោះរូបភាព និង វីដេអូ នៅលើឡានពេទ្យ កំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។ ទោះជាលោក ស័ក្ត មិនទាន់បានបញ្ជាក់ពីស្ថានភាពជំងឺអ្វីក៏ដោយ ប៉ុន្តែប្រភពមួយចំនួនបញ្ជាក់ថា លោកយាយ សំណាង បានឆ្លងកូវីដ-១៩ ដែលធ្វើឲ្យមហាជនហាក់ តក់ស្លុត និង ព្រួយបារម្ភយ៉ាងខ្លាំងដល់ លោកយាយ ណាង ដែលមើលទៅមានសភាពពិបាកដកដង្ហើម។

1

លោក វណ្ណា ស័ក្ត បានបង្ហោះសារនៅថ្ងៃទី១៤ ឧសភានេះ បានឱ្យដឹងថា៖ «មិនគួរណាមានបញ្ហារចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើយ អាណិតម៉ាក់ណាស់ សូមវត្ថុស័ក្តិសិទ្ធ ជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីជម្ងឺនេះផង ខ្ញុំសុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយពីជម្ងឺ កា.ច សាហា.វនេះ ខ្ញុំមិនដឹងនិយាយថាម៉េចអោយត្រូវទេ គាំងអស់ហើយ មានតែសុំពាក្យជូនពរពីបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំបានជាសះស្បើយពីជម្ងឺនេះផងចុះ យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី»។

2

ចំណែកតាមលោក ហេង ឡុង ប្រធានសមាគមន៍សិល្បៈ បានសរសេរនៅលើហ្វេសប៊ុកឲ្យដឹងដែរថា៖ «តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា ស័ក្ត ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ថា លោកយាយបានឆ្លងជំងឺកូវីដ-១៩»៕

3

ក្រោយពីទទួលបានដំណឹងខាងលើនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោកយាយ ណយ សំណាង ហើយក៏ជូនពរដល់លោកយាយ ណយ សំណាង និង លោក វណ្ណា ស័ក្ត ព្រមទាំងក្រុមគ្រួសារជាសះស្បើយឆាប់ៗផងដែរ៕

4