ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង មិនអនុញ្ញាតឱ្យមន្ត្រីចេញក្រៅឡើយ ក្នុងរយៈពេល១៤ថ្ងៃ ក្រោយពីមន្ត្រីពន្ធនាគារម្នាក់ពាក់ព័ន្ធនឹងទីតាំងមានករណីកូវីដ-១៩

(កំពង់ឆ្នាំង)៖ ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង បានប្រកាសឱ្យមន្ត្រីទាំងអស់ត្រូវប្រមូលកម្លាំង រយៈពេល១៤ថ្ងៃ ដោយមិនអនុញ្ញាតឱ្យចេញក្រៅឡើយ ហើយត្រូវគោរពតាមវិធានការសុខាភិបាលរក្សាគម្លាតពាក់ម៉ាស់លាងដៃជាប្រចាំ។ ការប្រកាសបែបនេះគឺបន្ទាប់ពី មន្ត្រីពន្ធនាគារ លោក ឈុន ផល្លី អនុប្រធានពន្ធនាគារទទួលផែនប្រតិបត្តិ បានជាប់ពាក់ព័ន្ធហាងកាហ្វេមួយកន្លែងឈ្មោះបឹងកំប្លោក។ នេះបើយោងតាមលិខិតជូនដំណឹង ឧត្តមអគ្គានុរក្ស.២.សក់ តុងហេង ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

1

2

 

លោក ឈុន ផល្លី អនុប្រធានពន្ធនាគារទទួលផែនប្រតិបត្តិ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី១ ទទួលលទ្ធផលអវិជ្ជមាន និងរង់ចាំធ្វើតេស្តលើកទី២ ខណៈបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ស្ថិតនៅភូមិត្រោក ឃុំស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

3

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសព័ត៌មានពីការបិទអាហារដ្ឋានបុរី (ហាងកាហ្វេបឹងកំប្លោក) ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្រោយពីរកឃើញបុគ្គលិក២នាក់ឆ្លងជំងឺកូវីដ-១៩៕

4

5