មន្ត្រីជំនាញ នៃអគ្គនាយកដ្នាន“ក.ប.ប.” បង្រ្កាបទីតាំងស្តុកទុកអាល់កុលក្លែងក្លាយ ឬមេតាណុល ជាង ១២តោន បម្រុងលក់ចូលទីផ្សារ

(ភ្នំពេញ)៖ បន្ទាប់ពីបានស្រាវជ្រាវស៊ើបអង្កេតរកទីតាំងភូមិសាស្ត្រ ដែលកំពុងចរាចរ និងស្តុកទុកអាល់កុលក្លែងក្លាយបានច្បាស់លាស់ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. និងមានការឯកភាពពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឃា/ត់ទុកបណ្តោះអាសន្ន អាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ១២,៣៦០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

A (2)

A (3)

សូមជម្រាបជូនថា មេតាណុលគឺសារធាតុគីមី ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ឬសំណង់។ សារធាតុមេតាណុល មិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគកូវីដ-១៩នោះទេ មិនតែប៉ុណ្ណោះការប្រើមេតាណុលសម្រាប់លាងដៃសម្រាប់សម្លាប់មេរោគកូវីដ-១៩ អាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។

A (4)

A (5)

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងប្រឈមចំពោះមុខច្បាប់ដល់ខ្លួនថែមទៀតផង។

សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទាំងអស់ប្រុងប្រយ័ត្ន មុន និងទិញអាល់កុលឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានការសង្ស័/យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរឬចែកចាយអាល់កុលក្លែងក្លាយ សូមផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋានក.ប.ប. តាមរយៈលេខទូរស័ព្ទ 023 231856 / 092 830856 ផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានក.ប.ប. អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ឬតាមរយៈគេហទំព័រ www.ccfdg.gov.kh/៕

A (7)

A (8)

A (9)

ប្រភពពីៈ អគ្គនាយកដ្ឋានក.ប.ប.