នារីវ័យកេ្មង ០២នាក់ ជាអ្នកលក់ក្នុងហាងម៉ាតមួយ នៅភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តរតនគីរី

(រតនគីរី)៖ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូន ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តរតនគិរី ឱ្យបានជ្រាបថាៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស បានរកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ មានឈ្មោះ ញៀប ស្រីម៉ៅ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឡែវ វ៉ារី ភេទស្រី អាយុ ១៩ឆ្នាំ ជាអ្នកបម្រើការងារក្នុងហាងម៉ាតចំការដូង ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើដំណើរឆ្ពោះទៅកាន់ស្រុកកំណើតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រវត្តិនៃការធ្វើដំណើរ៖ នារីទាំងពីរ បានធ្វើដំណើរមកពីខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង ៧.០០យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តក្រុង(គេងយប់)ក្រុមហ៊ុនហេង សុខឿន មកដល់ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង ចំណុចស្ពានស្រែពក ឃុំស្រែអង្អង ស្រុកកូនមុំ វេលាម៉ោង ៦.០០ព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក ដោយប្រើប្រាស់ឧបករណ៏តេស្ករហ័ស រកឃើញវិជ្ជមានកូវីដ-១៩។

សូមបញ្ជាក់ថា៖ អ្នករួមដំណើរជាមួយអ្នកវិជ្ជមានខាងលើសរុបចំនួន ១៣នាក់ ក៏ត្រូវបានយកវត្ថុសំណាកដោយឧបករណ៏តេស្ករហ័ស ជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្នអ្នកវិជ្ជមានទាំងពីរ រួមជាមួយអ្នករួមដំណើរពាក់ព័ន្ធត្រូវបានយកទៅព្យាបាល និងដាក់ចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕

1