អ្នកប្រកបរបរត់តាក់ស៊ី ម៉ូតូកង់បី ឬផាសអាប់ (Passapp) ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ប្រញ៉ាប់ទៅទទួលចាក់ដូសលើកទី០២ នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ ជាកំហិត ព្រោះការចាក់នេះមានតែមួយថ្ងៃគត់

ខេត្តសៀមរាប ៖ យោងតាមសេចក្តីជូនដំណឹង របស់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រកាសដល់អ្នកប្រកបរបរត់តាក់ស៊ី ម៉ូតូកង់បី ឬផាសអាប់ (Passapp) ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសលើកទី០១ កាលពីថ្ងៃទី២៩ ខែមេសា ត្រូវអញ្ជើញមកទទួលចាក់ដូសលើកទី០២ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ជាកំហិត ព្រោះការចាក់នេះមានតែមួយថ្ងៃគត់។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ ហើយការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ត្រូវចាក់ចំនួន២លើក តាមការកំណត់របស់ក្រុមគ្រូពេទ្យ និងត្រូវភ្ជាប់ មកជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណ មានដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅ ស្នាក់នៅ ឬលិខិតឆ្លងដែន ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់នៅពេលចុះឈ្មោះ និងនៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕

សូមបងប្អូនចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ៖

+ ៣ការពារ

១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់

៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ

+ ៣កុំ

១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោមនេះ ៖

Fn 2021 05 13 10 35 07 1