អាជ្ញាធរខេត្តសៀមរាប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ថ្មីបន្ថែមទៀត

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ រឿន គឹមសាក់ ភេទស្រី អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ជាករណីពាក់ព័ន្ធជាមួយឈ្មោះ លីស ជី អ្នកវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថាឈ្មោះ រឿន គឹមសាក់ បានអនុវត្តចត្តាឡីស័កដោយខ្លួនឯង ក្រោយពេលដឹងថា ខ្លួនមានពាក់ព័ន្ធដោយផ្ទាល់ជាមួយឈ្មោះ លីស ជី។ តែអំឡុងពេលនៃការស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន ដែលបម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ វិទ្ធី II គឺអ្នកវិជ្ជមានឈ្មោះ លីស ជី ក៏ដូចជាអ្នកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលនេះ ពុំបានបង្ហាញអត្តសញ្ញាណ បុគ្គលវិជ្ជមានថ្មីនេះឡើយ។

២- ឈ្មោះ កៅ ពិភព ភេទប្រុស អាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ធ្វើដំណើរមកពីរាជធានីភ្នំពេញ មកដល់ខេត្តសៀមរាប នៅវេលាម៉ោងប្រហែល១៥៖០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ចំពោះអ្នករួមដំណើរជាមួយឈ្មោះ កៅ ពិភព ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងត្រូវបានក្រុមគ្រូពេទ្យណែនាំឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត បន្ទាប់ពីយកសំណាកទទួលបានលទ្ធផលអវិជ្ជមាន។

ពាក់ព័ន្ធករណីទីមួយនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្ន ប៊ូទិច សាយនឹង អង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាកន្លែងបម្រើការងាររបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ រឿន គឹមសាក់។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៨នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

3

4

5

6

1

2