ករណីស្លា.ប់ម្នាក់ទៀតហើយ! ស្ត្រីម្នាក់រស់នៅក្រុងប៉ោយប៉ែត បានទទួលមរណភាព ដោយជំងឺកូវីដ-១៩

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់ សាធារណៈជន ឲ្យបានជ្រាបថាៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥: ៣០ នាទី មានអ្នកជំងឺឈ្មោះ វៀត ឡា ភេទស្រី អាយុ ៦១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានទទួលមរណៈភាព។

ពាក់ព័ន្ធករណីស្ត្រីជនជាតិខ្មែរជាអ្នកជំងឺខាងលើ បានចូលមកពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយមានរោគសញ្ញា ក្អក ក្តៅខ្លួន ហត់ខ្លាំង មានប្រវត្តិជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ (កំពុងប្រើប្រាស់ថ្នាំជាប្រចាំ) ហើយគ្រូពេទ្យបានយកវត្ថុសំណាកពិនិត្យដោយ Rapid Test មានវិជ្ជមានកូវីដ-១៩(+) រួមទាំងការថតកាំរស្មីអ៊ុច ពិនិត្យឈាមជាបន្តបន្ទាប់រោគវិនិច្ឆ័យ អ្នកជំងឺចូលសម្រាកពេទ្យគឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីជ-១៩ (Pneumonie Grave + Rapid Test Covid-19 Positive) ហើយបានបញ្ជូនទៅកាន់កន្លែងព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងធ្វើការជួយសង្គ្រោះព្យាបាល និងតាមដានការវិវត្តន៍របស់អ្នកជំងឺ ដោយយកចិត្តទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ៤:៣០នាទី ស្ថានភាពរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរ ហត់ដង្ហក់កាន់តែខ្លាំង ស្លេកស្លាំង និងវង្វេងស្មារតី ហើយក្រុមគ្រូពេទ្យនៅតែបន្តការងារ ទាំងការជួយសង្គ្រោះផ្លូវដង្ហើមយ៉ាងខ្លាំងក្លា តែដោយស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរ មិនអាចជួយស្រោចស្រង់អាយុជីវិតអ្នកជំងឺបាន ហើយគាត់បានទទួលមរ.ណៈភាព នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥:៣០នាទី៕

2

Photo_2021 05 12_23 38 06