មានផ្លូវហើយ! កញ្ញា មាន ពេជ្ររីតា ត្រូវបានមេធាវី ៣រូប ដាក់ពាក្យស្នើសុំធានាកូនក្តីចេញពីពន្ធនាគារ

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពាក្យស្នើសុំ មេធាវីទាំង ៣រូប របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានអះអាងថា កូនក្តីរបស់ខ្លួនជាប់កាតព្វកិច្ចសិក្សា និងជាជនបង្គោលក្នុងគ្រួសារដែលត្រូវចិញ្ចឹមម្ដាយ និងជីដូនជរា ដូច្នេះការបន្តឃុំខ្លួននាង នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់យ៉ាងធ្ងន់ធ្ងរ។

02

ជាមួយគ្នានេះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា នៅថ្ងៃនេះ មានការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង។

1 (2)

លោកបានបន្តថា ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។

ក្រសួងយុត្តិធម៌ នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន៕

1

2

3