អ្នកលក់ឳឡឹកនៅផ្សារដើមគរ ០១នាក់ រកឃើញមានជំងឺកូវីដ-១៩ នៅស្រុកត្រាំកក់

(តាកែវ)៖ រដ្ឋបាលស្រុកត្រាំកក់ បានជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរស០១នាក់ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ នៅស្រុកត្រាំកក់ ខេត្តតាកែវ។

រដ្ឋបាលស្រុកត្រាំកក់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកត្រាំកក់ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងមណ្ឌលចក្ខាសាលាបឋមសិក្សា សុខ អាន មង្គលមានលក្ខណ៍ បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ០១ នាក់ ក្រោយពីក្រុមការងារសុខាភិបាល បានយកសំណាកកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលមានឈ្មោះ សៀន ណេន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ឪឡឹកនៅផ្សារដើមគរ រាជធានីភ្នំពេញ និងបានវិលត្រលប់មកទីលំនៅដ្ឋាននៅ ភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សា សុខ អាន មង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។

រដ្ឋបាលស្រុកត្រាំកក់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងត្រូវចូលរួមយកសំណាកនៅមណ្ឌលចត្តាឡីស័កកំរិត១ នៅបណ្ណាល័យច័ន្ទសាមសែនមង្គល ដែលមានទីតាំងនៅភូមិអង្គតាសោម ឃុំអង្គតាសោម ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក(ចត្តាឡីស័ក) ពីក្រុមគ្រួសាររយៈពេល ១៤ ថ្ងៃ។

ក្នុងករណីបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្តៅ ក្អក ឈឺក ហៀរសំបោរ ថប់ពិបាកដកដង្ហើម ត្រូវប្រញាប់រួសរាន់រាយការណ៍ជូនដល់មូលដ្ឋាន ភូមិ ឃុំ ឬនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់បងប្អូន ឬតាមរយៈលេខទូរស័ព្ទ៖ ខ្សែទី១ (០១២ ៩៨៧ ៣៨៨) និងខ្សែទី២ (០៨៩ ២៩៦ ៥២៧)៕

Image_2021 05 12_14 51 39