អ្នកភ្នំពេញម្នាក់ យកសំណាក២ដង ទើបរកឃើញមានជំងឺកូវីដ-១៩ នៅខេត្តសៀមរាប

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថាៈ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១នាក់ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ទៅលើឈ្មោះ សែម លក្ខ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បានធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានណែនាំឱ្យឈ្មោះ សែម លក្ខ ស្នាក់នៅមណ្ឌលចត្តាឡីស័ក ដើម្បីតាមដានសុខភាព។ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាក និងទទួលបានលទ្ធផលអវិជ្ជមាន តែបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ក។ បន្ទាប់មកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលជាកាលកំណត់នៃការយកសំណាកលើកទីពីរ ទើបទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៦នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1