បុរសម្នាក់ ចូលកន្លែងព្យាបាល ២ទីតាំង និងជួបមនុស្សជាច្រើននាក់ ក្រោយមករកឃើញជំងឺកូវីដ-១៩

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរី ឱ្យបានជ្រាបថាៈនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ឈ្មោះ បឿន យុក អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រវត្តិនៃការធ្វើដំណើរ៖ បុរសឈ្មោះ បឿន យុក នេះ បានធ្វើដំណើរមកពីខេត្តកណ្តាល កាលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បុរសរូបនេះ មានអាការៈក្អក ក្តៅខ្លួន ហៀរសំបោរហើយក៏បានទៅពិគ្រោះ និងព្យាបាលជំងឺនៅទីតាំងបើកទទួលព្យាបាលជំងឺឯកជនមួយកន្លែងឈ្មោះ “បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ” របស់លោក វេជ្ជបណ្ឌិត អ៊ី គឹមឡេង ជាគ្រូពេទ្យបំរើការនៅមន្ទីរពេទ្យបង្អែកបរកែវ ស្រុកបរកែវ ខេត្តរតនគិរី។

សូមបញ្ជាក់ជូនថា បុរសរូបនេះ ក៏ធ្លាប់បានទៅទិញថ្នាំនៅឱសថស្ថានបរកែវ និងបានទៅស្នាក់នៅផ្ទះឈ្មោះ យ៉ាន់ យ៉ា រស់នៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ លើសពីនេះ បុរសខាងលើ ក៏ធ្លាប់បានជួបពាក់ព័ន្ធមនុស្សមួយចំនួននៅភូមិប្លង់ ឃុំប៉ារត និងភូមិអ៊ុន ឃុំលំជ័រ ព្រមទាំងទីតាំងមួយចំនួនទៀតក្នុងស្រុកអូរយ៉ាដាវផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1 (2)